កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការឯកភាពជាតិនិងផ្លែផ្កានៃសុខសន្តិភាព បានបង្កលក្ខណៈក្នុងការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដើម្បីធានាបានកម្មសិទ្ធិកាន់កាប់ដីធ្លីមានលក្ខណៈយូរអង្វែង របស់ប្រជាជនគ្រប់រូបនិងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដីគឺជាទ្រព្យសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នាមិនថា អ្នកក្រុងឬជនបទនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដីគឺជាមូលដ្ឋាននៃលំនៅដ្ឋាន ជាពិសេសសម្រាប់អ្នកក្រុង ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាច្រើន ជាពិសេសនៅតាមជនបទមិនត្រឹមតែជាលំនៅដ្ឋានទេតែជាមូលដ្ឋានសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ធ្វើស្រែចម្ការចិញ្ចឹមកូនចៅ។ បន្ថែមពីនោះ ដីជាមូលដ្ឋានទ្រព្យដែលអាចលក់ដូរ ឬបន្តជំនាន់ទៅឱ្យកូនចៅ ដើម្បីអាចសាងសង់ផ្ទះ បង្កបង្កើនផលដែលជាសារៈសំខាននៃដី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងរយៈពេលជាង ៥០០ឆ្នាំកន្លងមកនេះកម្ពុជា មិនអាចវាស់វែងដីធ្លីបាននោះទេ ដោយសារមានតំបន់ខ្លះមានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ អាចវាស់វែងបានទូទាំងប្រទេស ដោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សន្តិភាពមានសារៈសំខាន់ណាស់ មិនត្រឹមតែធ្វើឱ្យកម្ពុជាបានសេចក្ដីសុខប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពធ្វើឱ្យយើងលទ្ធភាពអាចវាស់វែងដីធ្លីជូនកម្មសិទ្ធជូនប្រជាពលរដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងបង្កលក្ខណៈឱ្យមានតម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្អូន ប្រជាពលរដ្ឋ៕







