កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យក្រុមប្រឆាំងដែលតែងចោទរាជរដ្ឋាភិបាលធ្វើបាបតែប្រជាជន ខណៈរាជរាជរដ្ឋាភិបាលធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន បែរជាពួកគេមើលមិនឃើញទៅវិញ។ ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅស្រុកស្ទឺងត្រង់ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្វល់ពីណាថាអ្វីទេ សំខាន់រាជរដ្ឋាភិបាលធ្វើអ្វីៗដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលជាក់ស្ដែង។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា«គេតែងតែគិតថា រដ្ឋាភិបាលធ្វើបាបតែប្រជាជន ប្លន់ដីប្រជាជន ប៉ុន្តែគេមិនបានទទួលស្គាល់នៅពេលយើងចែកបណ្ណកម្មសិទ្ធិដីធ្លី រាប់ម៉ឺន រាប់សែន រាប់លានហិកតាជូនប្រជាពលរដ្ឋទេ ប៉ុន្តែសំខាន់ពីណាថាអីថាទៅ សំខាន់ប្រជាពលរដ្ឋបានទទួលផលជាក់ស្ដែង ប្រជាពលរដ្ឋផ្ដល់យុត្តិធម៌ជាក់ស្ដែង នេះហើយជាអ្វីដែលយើងត្រូវធ្វើបន្តទៀត»។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បើរដ្ឋាភិបាលធ្វើបាបតែប្រជាជន ប្លន់ដីប្រជាជនដូចគេថាមែន មិនមែនជួយនិងមកចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដូចពេលនេះទេ។
សូមជម្រាប់ជូនថា ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅទាំង២១ ត្រូវបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១បប ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានអនុវត្តនៅលើស្រុកគោលដៅចំនួន ០៥ស្រុក គឺស្រុកស្ទឹងត្រង់ ស្រុកតំបែរ, ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ និងស្រុកមេមត់ ដោយមានក្រុមការងារចូលរួម ២០ក្រុម ស្មើនឹងចំនួនមនុស្ស ២៥៣ នាក់ ក្នុងនោះស្ត្រីមានចំនួន ៤៦នាក់ ដែលរួមមាន៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោ មាន១០ក្រុម ស្មើនឹង១២០នាក់ (ស្រី ៣១នាក់) មន្ត្រីបច្ចេកទេស មាន ១០ក្រុម ស្មើនឹង ១០០នាក់ (ស្រី ១៥នាក់) គ្រូពេទ្យ មាន ១៦នាក់ និងអ្នកបើកបររថយន្ត មាន១៧នាក់ និងបានសម្រេចលទ្ធផលដូចខាងក្រោម៖
– ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២០ឃុំ ស្មើនឹង ១០៥ភូមិ ក្នុងនោះ ស្រុកស្ទឹងត្រង់ មានឃុំចំនួន ៦ ស្មើនឹង២៨ភូមិ
– បំពេញសាលប័ត្របានចំនួន ៧០.៣២៧ ក្បាលដី
– វាស់វែងក្បាលដីបានចំនួន ៧០.៣២៧ ក្បាលដី
– គូរនិងបញ្ជូលទិន្នន័យ បានចំនួន ៦៩.៦១៥ក្បាលដី
– បិទផ្សាយជាសាធារណៈ បានចំនួន ៦៩.៦១៥ ក្បាលដី មានទំហំ ១០២.២១៣,៦១ ហិកតា ស្មើនឹង៣៨.១៤៥គ្រួសារ
-ចែកបណ្ណ បានចំនួន ៦៦.៩៩៩ ក្បាលដី មានទំហំ ៩១.៨៣៤,១៧ ហិកតា ស្មើនឹង ៣៥.៩៧៦គ្រួសារ ។
ចូលរួមក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅព្រឹកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ជាមួយនឹងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ខេត្តកំពង់ចាមក៏បានទទួលការរីកចម្រើន និងប្រែប្រួលមុខមាត់បន្ថែមទៀតទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន រួមនឹងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕







