នាវាកងទ័ពជើងទឹកកូរ៉ូ ០១គ្រឿង បានចាកចេញពីដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា

0

ព្រះសីហនុ៖ បន្ទាប់​ពី​បាន​ចូល​សំចត និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយ​:​ពេល​៣​ថ្ងៃ​រួច​មក កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ នាវា​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​ចំនួន​០១​គ្រឿង ឈ្មោះ Wang Geon Destroyer (DDH-978) ដឹកនាំ​ដោយ​វរ​នា​វី​ឯក Chio Jong Soo មេបញ្ជាការ​នាវា បាន​ដឹកនាំ​នាវា​ធ្វើ​ដំណើរ​ចាក​ចេញពី​ដែនសមុទ្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព ឆ្ពោះទៅ​ប្រទេស​កូរ៉េ វិញ​ដោយ​មានការ​ជូន​ដំណើរ​និវត្តន៍ ពី​នាយ នាយ​រង​មូលដ្ឋាន​សមុទ្រ ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក មាន សា​វឿ​ន មេ​បញ្ចា​ការ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ក្នុង​គោលបំណង បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ ក្នុង​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ជា​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត​រួម​មាន កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​នយោបាយ សន្តិសុខ ការពារ​ជាតិ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ បរិស្ថាន និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តជាតិ​។

ក្នុង​អំឡុង​ស្នាក់​នៅ​ធ្វើ​ទស្សនកិច្ច​រយ​:​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា គណ​:​ប្រតិភូ​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាន​ចូល​ជួប​សម្តែង​ការ​គួ​សម និង​ពិភាក្សា​ការងា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ សីហ​នុ មេ​បញ្ចា​ការ​មូលដ្ឋាន​សមុទ្រ និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ផង​ដែរ​។

លក្ខណៈ​បច្ចេកទេស​នាវា Wang Geon Destroyer (DDH-978) បណ្តោយ ១៤៩,៥​ម៉ែត្រ ទទឹង ១៧,៤​ម៉ែត្រ កម្ពស់ ៣៩,២៤​ម៉ែត្រ ជម្រៅ​ទឹក ៧,៣​ម៉ែត្រ និង​មាន​ទម្ងន់​ផ្ទុក ៥៥៨២​តោន ល្បឿន ៣០kts ដឹកនាំ​ដោយ​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ឯក Chio Jong Soo​។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៤​នេះ ខេត្ត​ព្រះ​សីហ​នុ ទទួល​នាវា​យោធា​បរទេស​ចូល​ចត ធ្វើ​ទស្សនកិច្ច​មាន​ចំនួន​០៩​លើក ក្នុង​នោះ នាវា​កងទ័ពជើងទឹក ជប៉ុន ថៃ វៀតណាម ចិន ឥណ្ឌូ​នេ​ស៊ី ចក្រភព​អង់គ្លេស និង​កូរ៉េ​ខាងត្បូង​៕