សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវចាប់ឱកាសឱ្យជាប់ជាមួយវិស័យឯកជនដែលគេបានមកស្វែងយល់ពីការវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ចាប់​ឱកាស​ឱ្យ​ជាប់​ជាមួយ​វិស័យ​ឯកជន​ដែល​គេ​បាន​មក​ស្វែង​យល់​ពី​ការ​វិនិយោគ​នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​ជាមួយនឹង​ក្រសួង​ស្ថាប័ន ដែល​យើង​អាច​ផ្តល់​ជា​ព័ត៌មាន ផ្តល់​ជា​ចម្លើយ​ចំពោះ​អ្វី​ដែល​ពួក​គាត់​ចង់​ដឹង ជា​ពិសេស​គឺ​ការ​ភ្ជាប់​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន ដែល​នេះ​គឺជា​កិច្ចការ​មួយ​ដ៏​ល្អ​នៅ​ក្នុង​ការ​ទំនាក់ទំនង​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​។ ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដូចនេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា នៅ​មជ្ឈមណ្ឌល​ភី​អេ​ច ហ្គ្រេ​ន​ហល បុរី​ប៉េង​ហួត បឹង​ស្នោរ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​តែង​បាន​យកចិត្តទុកដាក់​ទៅ​លើ​កិច្ចការ​ខាងលើ​នេះ ដោយ​សម្តេច​បាន​ណែនាំ​ថា វិស័យ​ឯកជន​របស់​យើង​នៅ​ពេល​ចេញ​ទៅ​ក្រៅប្រទេស​សូមកុំ​ភ្លេច​ការ​ធ្វើ ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន​នៅ​ក្រៅប្រទេស ខណៈ​ដែល​រាជរដ្ឋាភិបាល​មានឱកាស​ត្រឹមតែ​បង្ហាញ និង​រៀបចំ​តែ​ប៉ុណ្ណោះ តែ​សំខាន់​នៅ​ត្រង់​ថា វិស័យ​ឯកជន​ខ្លួនឯង​ជា​អ្នក​ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា​។ សម្តេច​ធិ​បតី​បាន​បន្ថែម​ថា យើង​កំពុង​តែ​ជំរុញ​នូវ​បេសកកម្ម​ខាង​ពាណិជ្ជកម្ម ទេសចរណ៍​យ៉ាង​សកម្ម ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ទាំង​ក្នុង និង​ក្រៅប្រទេស​នៅ​លើ​គ្រប់​វិស័យ​ទាំងអស់ យើង​ត្រូវ​តែ​ធ្វើ យើង​ត្រូវ​តែ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​អំពី​អ្វី​ដែល​យើង​មាន ព្រោះ​ការ​ផ្សព្វផ្សាយ​គឺជា​កិច្ចការ​សំខាន់​ខ្លាំង ណាស់ ដោយ​យើង​នឹង​រៀបចំ​ជា​សៀវភៅ​វិនិយោគ​ផ្សេង​ៗ​ដើម្បី​ផ្តល់​ជូន​អ្នក​ដែល​បាន​មក​សិក្សា​ពី ឱកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​សៀវភៅ​នេះ​វា​ជា​ការ​ផ្តល់​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​អ្នក​វិនិយោគ ក្នុង​នោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​លើ​ការងារ​នេះ​រួច​ហើយ តែ​យើង​ក៏​ត្រូវ​តែ​ធ្វើ បន្ថែម​ទៀត​សម្រាប់​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ច្រើន​អំពី​ការ​វិនិយោគ​របស់​យើង​៕