ព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៥៤០នាក់ ស្មើនឹង៣៤សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿង ចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
បើតាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ SeaBourn Encore សញ្ជាតិ Bahamas មានបណ្តោយ២១០,៥ម៉ែត្រ ទទឹង២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៤០នាក់ ស្រី២៦៧នាក់ ស្មើនឹង៣៤សញ្ជាតិ និងមាននាវិកសរុបចំនួន៤០៤នាក់ ស្រី១០៦នាក់ ស្មើនឹង៤៩សញ្ជាតិ។ នាវាទេសចរណ៍នេះ បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ SeaBourn Encore មានសញ្ជាតិច្រើនជាងគេ គឺអាមេរិក ២១៨នាក់ អូស្ត្រាលី១០៣នាក់ អង់គ្លេស៧៤នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាបរទេសបរទេស បានចូលក្នុងប្រទេសកម្ពុជា បន្តទៅទស្សនកិច្ចនៅខេត្តសៀមរាប មានចំនួន ៣៥នាក់ ស្រី១៨នាក់ ស្មើនឹង៥សញ្ជាតិ។ ភ្ញៀវទេសចរបរទេសបរទេសបានធ្វើដំណើកម្សាន្តក្នុងក្រុងនៃខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។
ទន្ទឹមនោះផងដែរ ក៏មានការការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕