សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងស្ថាប័ន ត្រូវចេះប្រើប្រាស់ផែនការដើរថយក្រោយ កុំឱ្យឯកសារចងជើងខ្លួនឯង

0

ភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្នុង​ការ​រៀបចំ​ធ្វើ​ផែនការ​អ្វីមួយ ត្រូវ​តែ​ចេះ​ប្រើប្រាស់​វិធីសាស្ត្រ ផែនការ​ដើរ​ថយក្រោយ ពោល​ដាក់​ទិស​ដៅ​ដែល​ចង់បាន ហើយ​កែសម្រួល​បទដ្ឋាន​គតិ​យុ​ត្ត​តាម​ក្រោយ ពោល​គឺ​មិន​ត្រូវ​ឱ្យ​ឯកសារ​ចងជើង​ខ្លួនឯង ត្រូវធ្វើ​ជា​អ្នក​តម្រង់​ទិស​ឯកសារ​។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ខាងលើ​នេះ បន្ទាប់​ពី​មាន​ផែនការ​មួយ​ចំនួន ត្រូវ​បាន​រាំងស្ទះ​ដោយសារ​តែ បញ្ហា​បទដ្ឋាន​គិ​តិ​យុ​ត្ត ដែល​ស្រប​ទៅ​នឹង​ស្ថានភាព​កាលពី​អតីតកាល តែ​មានការ​ប្រែប្រួល​មិន​ស៊ីសង្វាក់ នឹង​ពេលវេលា​បច្ចុប្បន្ន​។

ក្នុង​ពិធី​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា លើក​ទី​១៧ នៅ​មជ្ឈមណ្ឌល​ភី​អេ​ច ហ្គ្រេ​ន​ហល បុរី​ប៉េង​ហួត បឹង​ស្នោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា “​គេ​ថា​ការ​ធ្វើ​ផែនការ ដើរ​ថយក្រោយ បាន​ន័យ​ថា យក​គោលដៅ​ដែល​យើង​ចង់បាន លទ្ធផល​ដែល​យើង​ចង់បាន​ដាក់​មុខ ហើយ​ចាំ​យើង​គូសវាស​ផ្លូវ​ទៅ​វិញ កុំ​អង្គុយ​គិត​ផែនការ គិត​អី​នៅ​ក្នុង​បន្ទប់​ហើយ បាន​ចេញ​ទៅ ថា​ដើរទៅ​ណា ទៅ​ដៅ​ទៅ ថា​យើង​ចង់បាន​សម្រួល​នៅ​ក្នុង​ការ​ពាណិជ្ជកម្ម​ហ្នឹង​យ៉ាងម៉េច​” ។

ក្នុង​នោះ​សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា “​ការ​ធ្វើ E-commerce ចង់ឱ្យ​បាន​យ៉ាងម៉េច​ក្នុង Logistic នឹង ហើយ​យើង​ដើរ​ថយក្រោយ​វិញ ហើយ​ចាំ​យើង​កែសម្រួល​បទដ្ឋាន​គតិ​យុ​ត្ត ព្រោះ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ជួនកាល​យើង​តែងតាំង រៀប​តាក់តែង​១០​ទៅ​២០​ឆ្នាំ​ហើយ វា​អត់​ស្រប រឿង​នឹង​ហើយ​ដែល​យើង​ឱ្យ​កែសម្រួល នៅ​តំបន់​អង្គរវត្ត​ដើម្បី​កែសម្រួល យើង​រៀបចំ​៣០​នៃ​គោលការណ៍ ឥឡូវ​យើង​ត្រូវ​មើល​ទិដ្ឋភាព​ដែល​យើង​ចង់បាន បច្ចុប្បន្ន​និង​ទៅ​អនាគត​យ៉ាង​មិច រវាង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ យើង​យក​អា​នឹង​មក​បាន​មើល ហើយ​កែសម្រួល​ការ​កំណត់​តំបន់​ប្រើប្រាស់​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា “​ទាក់ទង​ទៅ​នឹង​ចំណុច​ទី​៤​នេះ គឺ​ខ្ញុំ​សូម​ឱ្យ​ក្រសួងពាណិជ្ជកម្ម ពិនិត្យ​ឡើង​វិញ នូវ​រាល់​ច្បាប់​និង​លិ​ខិ​គតិ​យុ​ត្ត ដែល​បាន​ធ្វើ​ហើយ យើង​បន្ត​ធ្វើ​ទៅ​ទៀត ហើយ​នេះ​គឺ​ការ​កំណែទម្រង់​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​កុំឱ្យ​ឯកសារ​ចង​យើង យើង​ជា​អ្នក​តម្រង់​ទិស​ឯកសារ ព្រោះ​បទដ្ឋាន​គិ​តិ​យុ​ត្ត គឺ​ដើម្បី​ជួយ​ឱ្យ​លើកកម្ពស់​នូវ​សកម្មភាព និង​លទ្ធផល ប្រសិទ្ធភាព​លទ្ធភាព បើ​ចឹ​ង​ការ​កែសម្រួល​ត្រូវ​ប្រើ​”៕