ធនាគារពិភពលោក បង្ហាញរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាគិតត្រឹមខែធ្នូ

0

ភ្នំពេញ៖ ធនាគារពិភពលោក បង្ហាញ​របាយការណ៍​បច្ចុប្បន្នភាព​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២៥​។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ខាងលើ​នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​គោលបំណង​ពិភាក្សា​អំពី​ប្រធានបទ​ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ធុរកិច្ច​នៅ​កម្ពុជា និង​ការ​ធ្វើ​សន្ធានកម្ម​របស់​សហគ្រាស​ក្នុងស្រុក​ក្នុង​វិស័យ​កម្មន្តសាល​បម្រើ​ដល់​ការ​នាំ​ចេញ​។

មាន​មតិ​ក្នុង​ពិធី​ខាងលើ ឯកឧត្តម​អគ្គលេខាធិការ​រង​បាន​ធ្វើការ​ជម្រាប​ជូន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ធុរកិច្ច និង​បរិយាកាស​វិនិយោគ​តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ធ្វើការ​លើក​ឡើង​នូវ​រាល់​កង្វល់ និង​បញ្ហា​ប្រឈម ដោយ​ផ្ទាល់​ក្នុង​ក្របខ័ណ្ឌ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​។ ជាក់ស្តែង វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​១៩​លើក រួច​មក​ហើយ ដោយ​ក្នុង​នោះ​វេទិកា​លើក​ទី​១៩ ត្រូវ​បាន​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គិត​ត្រឹម​បច្ចុប្បន្ន ក្រុមការងារ​តាម​វិស័យ​សរុប​ចំនួន​១៦ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​យន្តការ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ដើម្បី​ធ្វើ​ជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន​។ បន្ថែម​ពី​យន្តការ​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​សហការ​រៀបចំ​ថ្នាល​កិច្ច​សន្ទនា​រវាង​រដ្ឋ និង​វិស័យ​ឯកជន​បរទេស​រួម​មាន​ជប៉ុន​, សហភាព​អឺរ៉ុប​, សហរដ្ឋ​អាម៉េរិក និង​កូរ៉េ​ផង​ដែរ​។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សន្ធានកម្ម​របស់​សហគ្រាស​ក្នុងស្រុក​ក្នុង​វិស័យ​កម្មន្តសាល​បម្រើ​ដល់​ការ​នាំ​ចេញ ឯកឧត្តម​បាន​គូស​រំលេច​អំពី​គោលនយោបាយ​លើកទឹកចិត្ត​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​វិនិយោគ ក៏​ដូច​ជា​ការ​ផ្តល់​កិច្ច​សម្រួល​ពី​សំណាក់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​គេហទំព័រ Suppliers Database with Sustainability Dimensions (https://sd2.cdc.gov.kh/) សំដៅ​បង្ក​លក្ខណៈ​ក្នុង​កា​រត​ភ្ជាប់​សហគ្រាស​ផ្គត់ផ្គង់​ក្នុងស្រុក​ជាមួយ​សហគ្រាស​ដែល​ផលិត​បម្រើ​ដល់​ការ​នាំ​ចេញ​។

គួរ​បញ្ជាក់​ជូន​ផង​ដែរ​ថា របាយការណ៍​បច្ចុប្បន្នភាព​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀង​រាល់​ឆមាស​ដោយ​ធនាគារពិភពលោក​ដើម្បី​តាមដាន​នូវ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក៏​ដូច​ជា​សុខភាព​របស់​វិស័យ​ឯកជន​ជាតិ និង​អន្តរជាតិ​ដែល​បាន និង​កំពុង​មាន​ប្រតិបត្តិការ​ធុរកិច្ច​៕