សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានជនល្មើសភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា បង្កើតជាបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ជនល្មើសជាច្រើន​ដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យ​ ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រោះលើទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមាន លើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

នេះការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ ។

ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “កន្លងមក យើងបានឃើញហើយ ថាមានជនល្មើសជាច្រើន​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួន បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រោះលើទឹកដីកម្ពុជា ដោយទាញយកឱកាស នៃការអនុវត្តឱកាសសេដ្ឋកិច្ច ក្នុងដំណាក់កាលនៃការស្តារឡើងវិញ ក្រោយវិបត្តិកូរីដ១៩ បានបំផ្លាញសេចក្តីសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា និងប្រជាជននៃបណ្តាប្រទេសនានា ដែលមកស្នាក់នៅនិងរកការងារនៅកម្ពុជា” ។

សម្តេចធិបតី បន្ថែមថា “សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ” ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាខ្ពស់ប្រឆាំងដាច់ខាត ​រាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជា តាមគ្រប់រូបភាព”៕