កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះពិនិត្យដំណើរការផលិតកម្មជីធម្មជាតិក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ។
តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងការតម្រង់ទិសបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍន៍វិស័យកសិកមុ្ម ទស្សនកិច្ចរបស់ក្រុមការងារនាពេលនេះ គឺដើម្បីគាំទ្រការបង្កើនផលិតកម្មជីសរីរាង្គក្នុងស្រុក សំដៅកាត់បន្ថយចំណាយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញរបស់ប្រជាកសិករ និងកាត់បន្ថយការពឹងផ្អែកលើជីនាំចូលពីបរទេស ។
ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា ផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតដោយសារមានតម្លៃទាបជាងជីនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថាននៅតាមទីប្រជុំជនតាមរយៈការប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើម បង្កើតការងារក្នុងស្រុក បង្កើនប្រាក់ចំណេញនិងលើកកម្ពស់កម្រិតជីវភាពកសិករ និងចូលរួមធានានិរន្តរភាពគុណភាពដីកសិកម្មផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម និងក្រុមការងារក៏បានទទួលសំណូមពរមួយចំនួនយកទៅសិក្សា ដើម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ៕