Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវគ្រប់គ្រងអាជ្ញាបណ្ណសុខាភិបាលឱ្យបានច្បាស់លាស់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវគ្រប់គ្រងអាជ្ញាបណ្ណសុខាភិបាលឱ្យបានច្បាស់លាស់

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យក្រសួងសុខាភិបាល ត្រូវគ្រប់គ្រងអាជ្ញាបណ្ណសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងអាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការគ្រប់អាជ្ញាបណ្ណ ឱ្យបានច្បាស់លាស់ កន្លងទៅក្រសួងសុខាភិបាលបានធ្វើការត្រួតពិនិត្យទៅលើនេះ ហើយក៏បានបិទមួយចំនួន ហើយធ្វើយ៉ាងម៉េចឱ្យមានភាពស្របច្បាប់ទាំងអស់គ្នា ព្រោះសុខភាព គឺត្រូវការសំខាន់» ។

ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានរម្លឹកក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ឱ្យក្រសួងសុខាភិបាល ពន្យល់ឱ្យបានច្បាស់លាស់ តើកម្រិតណា នៃការផ្ដល់សេវាសុខាភិបាលនៅតាមផ្ទះ។ សម្តេចធិបតីបានលើកឡើងទៀតថា ការពង្រឹង និងការគ្រប់គ្រងថ្នាំពេទ្យ និងចំណីអាហារ បានត្រឹមត្រូវ និងតាមគុណភាព ធានាបាននូវប្រសិទ្ធភាព កុំឱ្យប៉ះពាល់សុខភាពរបស់ ប្រជាពលរដ្ឋ ដែលជាកិច្ចការងាររបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បន្តផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈដែលសម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើសគ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់ផងដែរ៕

Previous articleភ្នាក់ងារកយកាប្រចាំកម្ពុជា គាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាសម្រាប់ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ ជាង ១៣លានដុល្លារ
Next articleឯកឧត្តម ប៉េង ពោធិ៍នា ពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ