ភ្នំពេញ៖ កាលពីពេលថ្មីៗនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឳ្យលោកស្រី ឆយ មូនជុង (Choi Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬ កយកា(KOICA )ប្រចាំកម្ពុជានិងមន្ត្រីជំនាញជាន់ខ្ពស់កូរ៉េ ចូលជួបសម្តែងការគួរសមនិង ពិភាក្សាការងារស្តីពីការសិក្សាលទ្ធភាពសម្រាប់សំណើគម្រោងស្តីពីការពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាលើជំនាញវិភាគកន្លែងកើតហេតុនិងវិទ្យាសាស្រ្តកោសល្យវិច័យ ដែលជាគំនិតផ្តួចផ្តើមថ្មីសម្រាប់ឆ្នាំ២០២៦ និងស្នើសុំដោយក្រសួងមហាផ្ទៃ។
សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េមានគោលដៅពង្រឹងសេវាសន្តិសុខសាធារណៈដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០)និងមានថវិកាសរុប ១៣.៥ លានដុល្លារអាមេរិក ។គឺជាគម្រោងទីមួយដែលមិនធ្លាប់មាននាពេលកន្លងមក។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កយកា ប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបដ៏កក់ក្ដៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខាបានសម្ដែងនូវការអរគុណនិងកោតសរសើរចំពោះភ្នាក់ងារកយកាដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ។
ទាក់ទងនឹងសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា សំណើគម្រោងថ្មី ដែលសុំការគាំទ្រនិងជួយឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅពេលនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពទាំងស្ថាប័ននគរបាលនិងមន្រ្តីនគរបាលកម្ពុជាលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុនិងវិទ្យាសាស្រ្តកោសល្យវិច័យ ជាពិសេសលើការប្រមូលនិងរក្សាទុកភស្តុតាង ការកំណត់អត្តសញ្ញាណជនល្មើស ការទប់ស្កាត់ឧក្រិដ្ឋកម្ម ការអប់រំនិងបណ្តុះបណ្តាល និងការស្រាវជ្រាវលើជំនាញវិទ្យាសាស្រ្តនគរបាល។ ផលជះនៃគម្រោងនេះ នឹងរួមចំណែកក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស លើផ្នែកសន្តិសុខសាធារណៈ ដែលជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍ។លើសពីនេះទៅទៀត គម្រោងនេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជូនលោកស្រីនាយិកាកយកាថា “នេះជាគម្រោងទីមួយដែលមិនធ្លាប់មាននាពេលកន្លងមក”។គម្រោងថ្មីមានគោលដៅពង្រឹងសេវាសន្តិសុខសាធារណៈ ដែលនឹង ត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០) និងមានថវិកាសរុប ១៣.៥ លានដុល្លារ។
ប្រភពកយកា បន្ថែមដោយលំអិតលើគម្រោងដែលមានទឹកប្រាក់១៣.៥លានដុល្លារនេះ នឹងប្រើប្រាស់ក្នុងសមាសភាគសំខាន់នៃគម្រោងរួមមាន៖សមាសភាពទី១ ថវិកាចំនួន ៥.៥លានដុល្លារ ផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្រ្តកោសល្យវិច័យ តាមរយៈការកសាងមន្ទីរពិសោធន៍សំខាន់ៗមានដូចជា មន្ទីរពិសោធន៍វិភាគDNA មន្ទីរពិសោធន៍វិទ្យាសាស្រ្តកោសល្យវិច័យ មន្ទីរពិសោធន៍កោសល្យវិច័យឌីជីថល មន្ទីរពិសោធន៍ចិត្តវិទ្យាព្រហ្មទណ្ឌ មន្ទីរពិសោធន៍កំណត់អត្តសញ្ញាណនិងវិភាគស្នាមម្រាមដៃ មន្ទីរពិសោធវិភាគភស្តុតាង។សមាសភាគទី២ ថវិកាចំនួន ៤លានដុល្លារផ្តោតលើការបំពាក់ឧបករណ៍ពិសោធន៍ទំនើបៗ សម្រាប់មន្ទីរពិសោធន៍ខាងលើ។សមាសភាគទី៣ ថវិកាចំនួន៣.៣ លានដុល្លារ ផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីនគរបាលក្នុងការស៊ើបអង្កេតនិងវិភាគកោសល្យវិច័យ និងសមាសភាគទី៤ថវិកាចំនួន៤លានដុល្លារ ផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាលនិងការស្រាវជ្រាវេលើជំនាញស៊ើបអង្កេត ការវិភាគនិងវិទ្យាសាស្រ្តកោសល្យវិច័យ រួមបញ្ចូលទាំងការបណ្តុះបណ្តាលគ្រូបង្គោល។
ប្រភពដដែលបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាការងារ លោកស្រីនាយិកាប្រធានកយកា និងអ្នកមន្រ្តីជំនាញកូរ៉េ បានឯកភាពគាំទ្រលើសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ។ជាមួយគ្នានេះផ្អែកលើលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោង កយកាប្រចាំកម្ពុជានឹងដាក់គម្រោងនេះដើម្បីសុំការអនុម័តគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦ របស់កយកា។មន្រ្តីជាន់ខ្ពស់កយកាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអ្នកសម្របសម្រួលគម្រោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កយកា ប្រចាំកម្ពុជាចំពោះការគាំទ្រដល់សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីនគរបាលកម្ពុជាលើជំនាញដ៏សំខាន់នេះ។ក្រសួងមហាផ្ទៃនឹងខិតខំសម្របសម្រួលនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជានិងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការគ្នាប្រើប្រាស់ឧបករណ៍មន្ទីរពិសោធខាងលើឱ្យអស់ពីលទ្ធភាពនិងមានប្រសិទ្ធភាពខ្ពស់៕