សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធន ធានមនុស្ស

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធន ធានមនុស្សនៅក្នុងវិស័យសុខាភិបាល តាមរយៈការរៀន ការបង្រៀន និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញខាងវិទ្យាសាស្ត្រ និងនវានុវត្តន៍ថ្មីៗសម្រាប់ធាតុចូលយ៉ាងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាលឈានទៅដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥ ខណៈដែលមន្ទីរពេទ្យមួយនេះនឹងត្រូវបំពាក់នូវឧបករណ៍ពេទ្យទំនើបទាន់សម័យស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺជូនពលរដ្ឋតាមតម្រូវការដែលកំពុងមានការកើនឡើង។

ការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសា កលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សេវាសុខាភិបាលគឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋរបស់យើង នរណាៗក៏ត្រូវការសុខាភាព ដូច្នេះការធានាបាននូវការផ្តល់សេវាសុខាភិបាលល្អ និងគ្រប់គ្រាន់គឺ ជាការសំខាន់ ហើយថាការគិតគូទុកជាមុនក្នុងការសាងសង់ និងបំពាក់ឧបករណ៍ពេទ្យទំនើបទាន់សម័យគឺជារឿងមួយរឹតតែសំខាន់ គឺជាការគិតគូសម្រាប់រយៈពេលវែង ហើយថាចំពោះឧបករណ៍ទំនើបៗសម្រាប់ការព្យាបាលយើងត្រូវតែនាំចូលមក ខណៈដែលកម្ពុជាក៏កំពុងតែបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់ការព្យាបាលជម្ងឺមហារីកនៅតាមបណ្តាមន្ទីរពេទ្យមួយចំនួន ក្នុងនោះក៏មាននៅមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលកំពុងធ្វើពិធីបើកការដ្ឋានសាងសង់នាពេលនេះផដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យ គ្រូពេទ្យ មន្ត្រី បុគ្គលិកសុ ខាភិបាលគ្រប់លំដាប់ថ្នាក់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅក្នុងវិស័យដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និងកំពុងចូលរួមចំណែកដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងទៅក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយក រដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េចំពោះការជួយឧបត្ថម្ភគាំទ្រ ក៏ដូចជាការសហការល្អក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយដែលថ្ងៃនេះសាធារណរដ្ឋកូរ៉េក៏បានផ្តល់នូវឥណទាន ដើម្បីកសាងនូវសមិទ្ធផលដ៏ធំថ្មីមួយទៀតនៅក្នុងវិស័យសុខា ភិបាលរបស់កម្ពុជាដែលមានតម្លៃរហូតទៅដល់៦០លានដុល្លារអាម៉េរិក ដែលវាជាទំហំធំ តែយើងត្រូវ តែវិនិយោគ ព្រោះវាជាការសំខាន់៕