ក្រសួងពាណិជ្ជកម្ម រៀបចំ “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី ១” ដើម្បីកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

0

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ «​វេទិកា​ពាណិជ្ជ កម្ម​ឌី​ជី​ថ​ល​កម្ពុជា និង​ពិព័រណ៍​អន​ឡាញ​លើក​ទី​១» នៅ​អំឡុង​ពេល​នៃ​ការ​រៀបចំ​ពិ​ព​រ័​ណ៍​ពាណិជ្ជកម្ម​កម្ពុជា ដែល​នឹង​ប្រ​ពឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣​ខែធ្នូ​ឆ្នាំ​២០២៤ វេលា​ម៉ោង​៩:៤០​ព្រឹក នៅ​មជ្ឈមណ្ឌល​ភី​អេ​ច​ហ្គ្រេ​ន​ហល បុរី​ប៉េង​ហួត​បឹង​ស្នោរ​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់ នា​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​ថា ថា វេទិកា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​វិស័យ​នវានុវត្តន៍ លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​គាំទ្រ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​ឈាន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្រោម​ប្រធានបទ «​ផលិតផល​កម្ពុជា​ឆ្ពោះទៅ​កាន់​ពាណិជ្ជកម្ម​សកល​» និង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​តួនាទី​របស់​កម្ពុជា​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។

ថ្នាក់​ក្រសួង​ខាងលើ បាន​បន្ថែម​ថា អ្នកចូលរួម​ក្នុង​វេទិការ​នេះ នឹង​បាន​ស្វែង​យល់​អំពី​កិច្ច​ពិភាក្សា និង​បទ​បង្ហាញ​ជា​ច្រើន​លើ​ប្រធានបទ​សំខាន់​ៗ​រួម​មាន​៖ គោលនយោបាយ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ដំណោះស្រាយ​អាជីវកម្ម​អន​ឡាញ ដើម្បី​អបអរសាទរ​សមិទ្ធផល​ក្នុង វិស័យ​ពាណិជ្ជកម្ម ឌី​ជី​ថ​ល​របស់​កម្ពុជា​។ ជា​ពិសេស ក៏​មាន​កិច្ច​ពិភាក្សា​របស់​យុវជន​លើ​ប្រធានបទ អនាគត​នៃ​បច្ចេកវិទ្យា AI ក្នុង​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​ដ៏​សំខាន់​នៃ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​ចំណោម​យុវជន​កម្ពុជា​អម​ជាមួយ​ការ​តាំងពិព័រណ៍​អន​ឡាញ ដែល​នឹង​បង្ហាញ ពី​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​កាន់​អតិថិជន​ទូ​ទាំង​ពិភពលោក​តាម​រយៈ​វេទិកា CambodiaTrade.com និង​ទីផ្សារ E-Commerce ផ្សេង​ទៀត ដែល​ផ្ដល់​នូវ​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ និង​ផ្គូ​ផ្គង់​អាជីវកម្ម កិច្ចសហការ និង​ជំរុញ​លទ្ធភាព​ក្នុង​ការ​បង្កើត​ពាណិជ្ជកម្ម​ថ្មី​ៗ​។

ជាមួយ​គ្នា​នោះ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ឯកឧត្តម Igor Diesmans ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​នេះ​ផង​ដែរ​។

តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​លើក​ឡើង​ថា ចំពោះ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ឯកឧត្តម លោក​ជំទាវ ឧកញ៉ា លោក ផលិតករ វិនិយោគិន និង​សាធារណៈជន លោក​សី ដែល​ជា​ពាណិជ្ជករ​ដែល​មាន​បំណង​ចូលរួម​វេទិការ​នេះ អាច​ចុះ​ឈ្មោះ​តាម​រយៈ​គេហទំព័រ​ខាងក្រោម ឬ​ទាក់ទង​មក​ក្រសួងពាណិជ្ជកម្ម​តាម​រយៈ​មជ្ឈមណ្ឌល​ទំនាក់ទំនង​សារ​ធារ​ណ​ជន និង​មន្ត្រី (Call Centre ១២៦៦) ដោយ​ឥត​គិតថ្លៃ​៕​ដោយ​៖ កន ចំណាន

តំណរ​ភ្ជាប់​:​ចុះ​ឈ្មោះ​ចូលរួម​«​វេទិកា​ពាណិជ្ជ កម្ម​ឌី​ជី​ថ​ល​កម្ពុជា និង​ពិព័រណ៍​អន​ឡាញ​លើក​ទី​១»