Home សង្គម ឯកអគ្គរាជទូតជប៉ុន៖ យើងសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះនៃសង្គម និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ

ឯកអគ្គរាជទូតជប៉ុន៖ យើងសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះនៃសង្គម និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ

0

ភ្នំពេញ៖ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ កម្ពុជាយើងបានចាក់បញ្ចាំងប្រមាណ ១៣០ភាពយន្ត និងបានស្វាគមន៍អ្នកចូលរួមទស្សនាប្រមាណជាង ៥ម៉ឺននាក់ ខណៈដែលមហោស្រពមហោស្រពភាពយន្តជប៉ុននៅកម្ពុជានេះ បានដើរតួនាទីជាស្ពានតភ្ជាប់វប្បធម៌រវាងប្រជាជាតិទាំងពីរ ដែលនាំអារម្មណ៍អ្នកទស្សនាទាំងអស់ ចូលទៅក្នុងបេះដូងនៃប្រទេសជប៉ុន តាមរយៈសិល្បៈនៃភាពយន្ត។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមបណ្ឌិត ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៤ លើកទី១០ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

ឯកឧត្តមបណ្ឌិត បានបន្តថា បន្ថែមលើការរៀបចំមហោស្រពភាពយន្តជប៉ុននេះ ការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន ជាស្ថាប័នសាធារណៈ ជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងរវាងគ្នាទៅវិញទៅមក ក៏កំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផលិតភាពយន្តនៅកម្ពុជា និងលើកកម្ពស់កិច្ចសហការរវាងផលិតករភាពយន្តជប៉ុន និងកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កាលពីខែកញ្ញាកន្លងមកនេះ យើងបានរៀបចំសិក្ខាសាលានិពន្ធអត្ថបទភាពយន្តសម្រាប់យុវជនកម្ពុជា ពោរពេញដោយទេពកោសល្យនៅក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូជំនាញមកពីប្រទេសជប៉ុន និងកម្ពុជា។ កាលពីខែមុន អំឡុងពេលមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ យើងបានអញ្ជើញអ្នកជំនាញរចនាកម្មវិធីភាពយន្តពីប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ចូលរួមកម្មវិធីពិភាក្សា និងបង្កើតបណ្តាញជាមួយអ្នកឯកទេសភាពយន្តជប៉ុន។ គម្រោងទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់យើង ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរយុវជនជំនាន់ក្រោយ និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសជប៉ុន និងអាស៊ានក្នុងរយៈពេល ១០ឆ្នាំទៅមុខ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា មហោស្រពភាពយន្តជប៉ុនដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៥ ឆ្នាំនេះត្រូវបានប្រារព្ធឡើងរួច ហើយនៅខេត្តបាត់ដំបង កំពត និងសៀមរាប ហើយឥឡូវនេះកំពុងចាប់ផ្តើមនៅទីនេះ នៅរាជធានីភ្នំពេញ។ ក្រៅពីរីករាយនឹងការទស្សនាភាពយន្ត យើងសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះនៃសង្គម និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ ហើយកាន់តែចាប់អារម្មណ៍លើប្រទេសជប៉ុន។ យើងក៏សង្ឃឹមផងដែរថា លោកអ្នកដែលមិនធ្លាប់ឃើញទិដ្ឋភាពនានារបស់ប្រទេសជប៉ុន នឹងរកឃើញភាពទាក់ទាញនៃប្រទេសមួយនេះតាមរយៈមហោស្រពភាពយន្តជប៉ុន។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា ថ្ងៃនេះយើងនឹងចាក់បញ្ចាំងភាពយន្តមានចំណងជើងថា “Godzilla Minus One”។ ភាពយន្តនេះ បានឈ្នះពានរង្វាន់ Academy Award for Best Visual Effects និងជាភាពយន្តអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់នេះ។ សព្វថ្ងៃនេះ ជាមួយនឹងសេវាកម្មស្រ្ទីមវីដេអូ តាមរយៈការចាក់ផ្សាយដោយប្រព័ន្ធអ៊ីនធឺណេត យើងអាចទស្សនាភាពយន្តបានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង ប៉ុន្តែយើងគិតថា ការទស្សនាភាពយន្តនៅលើអេក្រង់ធំក្នុងរោងភាពយន្ត អាចឱ្យយើងមានអារម្មណ៍កាន់តែជក់ចិត្ត នឹងពិភពលោកដែលបង្កើតឡើងដោយអ្នកផលិតភាពយន្ត៕

Previous articleកូនសត្វដំរីព្រៃ(ឈ្មោល) ១ក្បាល អាយុប្រហែល០៥ខែ ត្រូវបានជួយសង្គ្រោះនៅដែនជម្រកសត្វព្រៃលំផាត់
Next articleអភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ