Home សង្គម អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

0

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែ របស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយ លើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែប ធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករ បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេល វេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយ ជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិន កំពុងមានក្រុមហ៊ុនទទួលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត នាំចេញយកទៅលក់នៅក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បាន ជួយទិញបន្លែផ្លែឈើរបស់បងប្អូនកសិករ ព្រមទាំងជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បី លើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសការនាំចេញទៅ ក្រៅ ប្រទេស ហើយក្នុងករណីបញ្ហាទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន៕

Previous articleឯកអគ្គរាជទូតជប៉ុន៖ យើងសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះនៃសង្គម និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ
Next articleឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រសួងកសិកម្ម មានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខ