មណ្ឌលគិរី៖ លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានប្រទះ ឃើញកូនសត្វដំរីព្រៃ(ឈ្មោល)ចំនួន០១ក្បាល អាយុប្រហែល០៥ខែ ទំងន់ ប្រហែល២០០គីឡូក្រាម រត់តាម បណ្តោយផ្លូវលំ មករកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកអនុប្រធានបានបន្តថា ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សបាននាំគ្នាស្ទាក់ព័ទ្ធចាប់ រួចបានពិនិត្យឃើញមាន ស្នាម របួសនៅត្រង់ចំណុច ក ជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយ យកចិត្តទុក ដាក់ រួចធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់។ ចំពោះសុខភាពកូនសត្វដំរីឈ្មោល០១ ក្បាល ខាងលើគឺនៅមានកំលាំងមាំមួននៅឡើយ។
បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កំពុងមើលថែរក្សានៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤នេះ ថា មន្ត្រីឧទ្យានុរក្សកំពុងព្យាបាលជំងឺកូនដំរីនេះឲ្យមានសុខភាពល្អប្រសើរមុននឹងចាត់ការបន្តយ៉ាងណានោះ។ លោកបន្តថា មកដល់ពេលនេះកូនដំរីមួយក្បាលនោះមានសុខភាពល្អប្រសើរឡើងវិញហើយ។
គួរជម្រាបជូនថា សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជា ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ៕