កណ្តាល៖ នារដូវបើកនេសាទ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប អមដោយអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានចុះតាមគន្លងដាយនីមួយៗដែលបានកំណត់ជ្រើសរើស គឺគន្លងដាយលេខ៣C ៨H ១១A ១៣A ១៤A ១៥B ១៥D ដើម្បីពិនិត្យមើលពីស្ថានភាពទូទៅលើការធ្វើអាជីវកម្មឡូត៍ដាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងបានចាត់ក្រុមការងារប្រចាំការរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ការសិក្សាតាមឡូត៍ដាយ និងក្រៅឡូត៍ដាយ គឺមានគោលបំណងតាមដានពីបម្រែបម្រួលទន្និផលផលនេសាទធនធានត្រី រួមទាំងទំហំ និង ប្រភេទត្រីចេញពីបឹងទន្លេសាប ដែលចាប់បានដោយឡូត៍ដាយ និង ការនេសាទដោយឧបករណ៍ផ្សេងទៀត។ ជារួមការចុះសិក្សានេះនឹងអនុវត្តតាមគោលការណ៍ចំនួន៣៖ ទី១. តាមដានបរិមាណផលចាប់ ទី២. តាមដានភាពសម្បូរបែបនៃប្រភេទត្រី និងទី៣. តាមដានការកែច្នៃ និងចរន្តទីផ្សារលើផលនេសាទពីអាជីវកម្មឡូត៍ដាយ។
សូមបញ្ជាក់ថា ការចុះតាមដាននៅគន្លងនីមួយៗនេះ ធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឱ្យចុះសិក្សាស្រាវជ្រាវផលនេសាទ តាមរយៈការធ្វើអាជីវកម្មឡូត៍ដាយនៅតាមដងទន្លេសាបនាឆ្នាំនេះ៕







