ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅ ជេម សុខ ថា ទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ ឬតក់ក្រហល់នោះទេ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរថា ជូនប្អូនជេម សុខ។ បងមើលតិចតុកឃើញប្អូននិយាយថា លោក ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថាគម្រោងទស្សនកិច្ចនៅចិន របស់បង គឺបានរៀបចំតាំងពីជិត២ខែមុនម្ល៉េះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។ សម្តេចតេជោលើកឡើងថា នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថាប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយប្អូនខ្លាចសម្បថ បងមិនបបួលប្អូនស្បថទៀតទេ ព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ ពីផ្កាយព្រឹក ដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ៕







