ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង៤០ម៉ែត្រគូប។
ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានកង់ចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។
ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសជនជាតិបារាំងម្នាក់ស្លាប់ និងមនុស្សស្រីជនជាតិខ្មែរម្នាក់ស្លាប់ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ៕