ភ្នំពេញ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន តែ បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ និងមានការចូលរួមសហការពីនាយកដ្ឋាន មន្ទីរពិសោធន៍ នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ទៅលើផលិតផល លក់ និងចែកចាយ គ្រឿងសមុទ្រ ចំនួន១១ ទីតាំង និងដកយកគម្រូចំនួន២៩ មកពិសោធន៍ជាក់ស្តែងដោយឧបរណ៍ក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅម្តុំត្រឡោកបែក ដែលមានទីតាំងនៅ ផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជាលទ្ធផល គម្រូទាំងនោះពុំមានវត្តមានសារធាតុគីមីហាមឃាត់ និងមានប្រក្រតីភាពនោះឡើយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអា
ជីវកម្ម លក់តាមស្តង់ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ ទាំងអស់ ត្រូវលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ក្នុងករណីផលិតផលណាដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន តាមលេខទូរសព្ទ ១២៦៦ ដោយមិនគិតថ្លៃ របស់ក្រសួងពាណិជ្ជកម្ម ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕