ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ចំនួន២លើកដោយមានមូលហេតុ

0

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣សមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ត្រួវបានបង្កើតឡើង។ រយៈពេល១ឆ្នាំ៣ខែកន្លងមកនេះគណៈរដ្ឋមន្ត្រីថ្មីដែលមានសមាសភាពជារដ្ឋមន្រ្តីក្មេងៗបានបំពេញតួនាទីយ៉ាងស្វាហាប់នៅតាមក្រសួងមន្ទីរៗខ្លួនដោយថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីអនុវត្តកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ពិសេសជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាព។

យ៉ាងណាក៏ដោយនៅដើមអាណត្តិនេះរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកែសម្រួលសមាសភាពរដ្ឋាភិបាលចំនួន២លើកហើយ។

នៅក្នុងការកែសម្រួលលើកទី១ កាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយផ្លាស់ប្តូរ ឯកឧត្តម សុខ សូកេន ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅ ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចជំនួសកន្លែងឯកឧត្តម ហួត ហាក់ ហើយឯកឧត្តម ហួត ហាក់ បានផ្លាស់ទៅធ្វើជំនួសកន្លែង ឯកឧត្តមសុខ សូកេនវិញ។

ហើយកាលពីថ្ងៃទី២០ខែវិច្ចិកានេះ មានការកែសម្រួលលើកទី២ ដោយអតីតរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានផ្លាស់ប្តូរមកធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួស ឯកឧត្តមសុខ ចិន្តាសោភា ដែលជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។

ការកែសម្រួលសមាសភាពរដ្ឋមន្ត្រីលើកទី២នេះ បានធ្វើអោយប្រជាពលរដ្ឋមានការចាប់អារម្មណ៍ខ្លាំងនិងចង់ដឹងអំពីមូលហេតុ ។ ប៉ុន្តែការផ្លាស់ប្ដូរសមាជិករដ្ឋាភិបាល គឺជារឿងទូទៅដែលធ្លាប់កើតមាននៅប្រទេសនីមួយៗនៅលើសកលលោក។

សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ការកំណែទម្រង់នេះ ដែលអាចជួយបង្កើន ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរជាងមុន។ ការផ្លាស់ប្ដូរសមាសភាពរដ្ឋមន្ត្រីពេលនេះធ្វើឡើងតាមការស្នើសុំនិងការមើលឃើញអំពីតម្រូវការចាំបាច់ហើយការផ្លាស់ប្ដូរសមាសភាពគណៈរដ្ឋមន្ត្រីនេះ បានធ្វើឡើងតាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច។

ការផ្លាស់ប្ដូរសមាសភាពរដ្ឋមន្ត្រីពេលនេះគឺដើម្បីពង្រឹងសក្ដានុពល គឺមិនមែនដោះដូរដោយសារការរង្គោះរង្គើផ្ទៃក្នុងគណបក្សកាន់អំណាចនោះឡើយ។

សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងឱកាសផ្លាស់ប្តូរទីតាំងគ្នាដឹកនាំរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីអធិការកិច្ចថាគឺដើម្បីធានាយន្តការការងារឲ្យកាន់តែប្រសើរ ។

សម្តេចបវរធិបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់នៅក្នុងឱកាសផ្លាស់ប្តូរអ្នកដឹកនាំរដ្ឋមន្ត្រីការបរទេសពេលនេះដែរថា ការសម្រេចបែបនេះ ជាតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្ត ឱ្យបានសម្រេចដល់ប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងបន្ថែមទៀត នៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

នៅក្នុងឱកាសជម្រើសយកឯកឧត្តម ប្រាក់ សុខុន ជាថ្មីអោយមកកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត សំដៅឆ្លើយតបនឹងការ វិវត្តកាន់តែស្មុគស្មាញ នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក។

នៅក្នុងការដឹកនាំប្រទេស នៅពេលមើលឃើញថា មានបញ្ហាហើយ រដ្ឋាភិបាលត្រូវតែធ្វើការកែសម្រួលភ្លាមៗ ដោយមិនទុកឲ្យស្ថានការណ៍ទុំជោរនោះឡើយ ពោលគឺត្រូវសម្រេចចិត្តវះកាត់ ដើម្បីបញ្ជៀសបញ្ហាជាមុនក្នុងគោលដៅសម្រេចអោយបានជោគជ័យរបស់អាណត្តិរាជរដ្ឋាភិបាលទី៧៕