សម្តេចតេជោ ហ៊ុន​ សែន៖ បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន

0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ នៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាងប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។

ការចែករំលែករបស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារត្រីថ្ងៃទី២១ ខែវិច្ឆិកានេះ។

ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ប្រធាន គណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។

ក្នុងកិច្ចប្រជុំខាងលើ សម្តេចតេជោ បានលើកឡើងថា ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។ គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថាការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗគ្នា មានសារៈសំខាន់ណាស់ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។

សម្តេចតេជោ បានបន្តថាគណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន លើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និង ការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថាកម្ពុជានឹងអាចចូលរួមចំណែកចែករំលែកអំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោកទាំងមូល៕