ភ្នំពេញ៖ ដែនទឹក កម្ពុជា-ថៃ នៅមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ជាផ្លូវការណ៍ ណាមួយនៅឡើយទេ តាំងពីសម័យអាណានិគមនបារាំងមកម្ល៉េះ ហើយបច្ចុប្បន្នភាគីទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាលចរចារ ដូច្នេះនៅមិនទាន់អាចនិយាយបានថា កម្ពុជា ឬថៃបាត់បង់ដែនអធិបតេយ្យភាពណាមួយ នោះទេ ។ នេះជាប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារថ្មី ឆ្នាំ២០២៥ នៃក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្មីៗនេះ ដោយសារតែមានអ្នកនយោបាយនៅក្រៅប្រទេសបានញុះញង់ឱ្យប្រជាពលរដ្ឋយល់ច្រឡំថា កម្ពុជាបានបាត់បង់ដែនអធិបតេយ្យភាព កោះគុត ទៅភាគីថៃ ដែលការលើកឡើងនេះ ផ្ទុយពីការពិត ព្រោះព្រំប្រទល់ដែនសមុទ្រ កម្ពុជា-ថៃ នៅមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ទីតាំងផ្លូវការណ៍ណាមួយ នៅឡើយទេ តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ។
សម្ដេចបវរធិបតី បានចង្អុលបង្ហាញថា កិច្ចការព្រំដែន នៅតែបន្តចរចាររវាងភាគីទាំងពីរផ្អែកទៅតាមប្រវត្តិសាស្ត្រ និងបច្ចេកទេស ដូច្នេះនៅមិនទាន់អាចនិយាយបានថាគីកម្ពុជា ឬថៃបាត់បង់ដែនអធិបតេយ្យភាព ។ នៅក្នុងឱកាសនោះផងដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋប្រទេសទាំងពីរត្រូវស្វែងយល់ និងគិតគូដល់ផលប្រយោជន៍ជាតិជាធំ សូមកុំធ្វើឱ្យទំនាក់ទំនងរវាងប្រទេស និងប្រទេស មានបញ្ហាទំនាក់ទំនងការទូត ។ សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមជ្រុលនិយម ក្នុងប្រទេសថៃ កំពុងចោទប្រកាន់ថា រដ្ឋាភិបាលគេថា កំពុងធ្វើឱ្យបាត់បង់ កោះគុត មកកម្ពុជា តាមរយៈអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ OCA ។ ចំណែកក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា ក៏កំពុងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងអុចអាលឱ្យមានសកម្មភាពបាតុកម្ម ដើម្បីឱ្យរាជរដ្ឋាភិបាល ទាមទារដែនអធិបតេយ្យកោះគុតនេះ ដែលពួកគេយល់ច្រឡំថា បានទៅថៃនោះ។ សូមបញ្ជាក់ថា កោះគុតគឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ។ កោះគុត មានខ្សែបន្ទាត់ទីតាំងស្ថិតខាងលិចក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ ពោលគឺ មានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និង ទទឹង ៩គីឡូម៉ែត្រ ដែលគេរកឃើញថារ៉ែឧស្ម័ន និងប្រេង៕