សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ កុំចូលរួមចលនា និងការបំផុសណា ដែលធ្វើឱ្យបែកបាក់សាមគ្គីឯកភាពជាតិ

0

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះឡើង នៅមតិលើកឡើងរបស់ក្រុមប្រឆាំងក្រៅស្រុក ជុំវិញបញ្ហាព្រំដែន ជាពិសេសថ្មីៗនេះ ផ្តោតទៅលើការចរចាព្រំដែនសមុទ្រ លើកោះគុត រវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមកុំចូលរួម ជាមួយនឹងចលនា និងការបំផុសបែបណា ដែលធ្វើឱ្យបែកបាក់សាមគ្គីឯកភាពជាតិ ហើយជាពិសេសធ្វើឱ្យវឹកវរក្នុងសង្គម ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “អ្វីដែលខ្ញុំនិយាយ គឺការធានានូវសុខដុមនីយកម្ម ផ្អែកទៅលើព័ត៌មានពិត កុំជំរុញនូវព័ត៌មានក្លែងក្លាយ Fake News ជំរុញនៅក្នុងការបះបោរ ហើយជាពិសេសបំផុសចលនាអ្វីមួយ ដែលធ្វើសកម្មភាពខុសច្បាប់ ដូចថ្ងៃ១៨សីហាកន្លងទៅ។ ខ្មែរសង្គ្រាម៥០០ឆ្នាំហើយ សូមតែមួយសុខ​ កុំឱ្យវេទនា សុំតែពេលអុំទូក ពេលចូលឆ្នាំ មិនថាឆ្នាំចិន ឆ្នាំខ្មែរ ឆ្នាំណូអែល គ្រីស្ទាននោះទេ យើងអាចអបអរសាទរ ជាមួយគ្នាបាន មិនថាបក្សណាៗឬពួកណា ត្រូវនៅជាមួយគ្នា ដើម្បីកុំឱ្យទំនាស់ផ្ទៃក្នុងយើងកើតមាន ចឹងការព្យាយាមរកដាក់នយោបាយចូលនៅក្នុងរឿង ដូចចរចា OCA ទាញទៅរឿងព្រំដែនអីនេះ ជាការងារគ្រោះថ្នាក់” ។

ក្នុងនោះសម្តេចធិបតី បានអំពាវនាវថា “ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋរបស់យើង សូមឱ្យមានជំហរច្បាស់លាស់ យល់ច្បាស់អំពីបុព្វហេតុ អំពីការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការការពារផលប្រយោជន៍ជាតិ មិនថាការចរចារឿង OCA ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការការពារបូរណភាពទឹកដី ទាំងដែនទឹក ដែនគោករបស់យើង នៅក្នុងការការពារ ​និងដោះស្រាយបញ្ហា ជំរុញទៅដល់ការសហការអភិវឌ្ឍន៍ប្រទេស និងសហប្រតិបត្តិការល្អជាមួយមិត្ត នេះគឺជាជំហររបស់រាជរដ្ឋាភិបាល រដ្ឋាភិបាល បានដាក់គោលការណ៍នេះ រាប់សិបទសវត្សមកហើយ ហើយនឹងបន្តធ្វើទៅទៀត ដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា” ។

ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “សូមកុំចូលរួម ជាមួយនឹងចលនា និងការបំផុសបែបណា ដែលធ្វើឱ្យបែកបាក់សាមគ្គីឯកភាពជាតិ ហើយជាពិសេសធ្វើឱ្យវឹកវរក្នុងសង្គម”៕