ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត​ក្រុមហ៊ុនផលិតទុយោ LESSO ឱ្យអភិវឌ្ឍរោងចក្ររបស់ខ្លួននៅកម្ពុជា ​ជាមូលដ្ឋានផលិតកម្មគោលសម្រាប់អាស៊ាន

0

កណ្តាល៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងបានលើកទឹកចិត្តក្រុមហ៊ុន ឱ្យអភិវឌ្ឍ​ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តសម្រាប់នាំចេញទៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន ដែលក្រុមហ៊ុនពុំទាន់មានរោងចក្រផលិត។

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៨ ហិកតា បច្ចុប្បន្នមានបុគ្គលិកចំនួន១៦៨នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខាផលិតកម្មទំនើបចំនួន៥០គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨.០០០ តោនក្នុងមួយឆ្នាំ។

ឯកឧត្តម ហែម វណ្ណឌី ​បាន​លើកឡើង​ថា​៖ “​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​មាន​សារៈ​សំខាន់​ជាសារវន្តសម្រាប់​ការ​អភិវឌ្ឍ​របស់​​កម្ពុជា ហើយការប្រើប្រាស់​ទុយោចែកចាយទឹកស្អាត​ដែល​មាន​គុណភាព​ខ្ពស់​ជាកត្តាចម្បងក្នុង​ការ​កាត់​បន្ថយ​ការ​បាត់​បង់​ទឹក និងការពង្រឹងគុណភាពសេវាទឹកស្អាត។”

ផលិតផលរបស់ក្រុមហ៊ុន Lesso ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជាវិស័យទឹកស្អាត ប្រព័ន្ធ ដំណក់ទឹកស្រោចស្រព (drip irrigation) ប្រព័ន្ធលូនិងទឹកកខ្វក់ និងទុយោអាលុយមីញ៉ូមសម្រាប់ការប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ប្រតិបត្តិករទឹកស្អាត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹងនោះ សូមក្រុមហ៊ុនពិចារណាពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាផលិតសំបកវេចខ្ចប់ ឬកំប៉ុងអាលុយមីញ៉ូម ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកបន្ថែមទៀត។”

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដើម្បីផលិត​ទុយោដែលប្រើប្រាស់បានយូរ ទម្ងន់ស្រាល តម្លៃសមរម្យ និងផលិតផលិតផលទំនើបៗស្របតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងការបង្កើតស្តង់ដារទុយោសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យពាក់ព័ន្ធ។

ក្រោយការបង្ហាញអំពីសាវតារ និងប្រតិបត្តិការរបស់ខ្លួន ថ្នាក់ដឹកនាំក្រុមហ៊ុន Lesso បានចែករំលែកចក្ខុវិស័យក្នុងការពង្រីកការនាំចេញរបស់ក្រុមហ៊ុនទៅកាន់បណ្តាប្រទេសអាស៊ាន និងពង្រឹងប្រតិបត្តិការផលិតនៅកម្ពុជា ដោយលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហែម វណ្ណឌី និងគណៈប្រតិភូបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មសម្រាប់ទុយោ PVC, ដំណើរការផលិតទុយោ HDPE, ប្រព័ន្ធត្រួតពិនិត្យគុណភាព (QC), និងឃ្លាំងស្តុកផលិតផលសម្រេចរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Lesso (Cambodia) Trading គឺជាបុត្រសម្ព័ន្ធក្រោមការវិនិយោគផ្ទាល់ទាំងស្រុងរបស់ Lesso Group Holdings Limited ដែលជាក្រុមហ៊ុនផលិតទុយោឈានមុខមួយរបស់ប្រទេសចិន បច្ចុប្បន្ន មានមូលដ្ឋានផលិតកម្មចំនួន ៣០ នៅទូទាំងពិភពលោក។