រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវអន្តរជាតិឡើងមកអង្គុយលើពន្លាទេសរណ៍ខាងមុខព្រះបរមរាជវាំង សរុប ៥ ៤៥០នាក់

0

ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ទស្សនា​លើ​ពន្លា​ទេសចរណ៍ ខាង​មុខ​ព្រះ​បរមរាជវាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ រយៈពេល​៣​ថ្ងៃ ១៤-១៦ ខែវិច្ឆិកា មាន​ចំនួន សរុប ៥ ៤៥០​នាក់​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម គុ​ជ បញ្ញា​សា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាល ពី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ឯកឧត្តម​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តជាតិ ដែល​បាន មក​អង្គុយ​ទស្សន​នៅ​លើ​វេទិកា​ទេសចរណ៍​សុទ្ធតែ​បង្ហាញ​ក្តី​រីករាយ​ជា​ខ្លាំង ក្រោម​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ពី​មន្ត្រី​បម្រើ​ការងារ​។ ឯកឧត្តម​បាន​លើក​ឡើង​ថា ចំនួន​ភ្ញៀវ​អន្តរជាតិ សរុប​ទាំង​៣​ថ្ងៃ មាន​ចំនួន​សរុប ៥ ៤៥០​នាក់​នេះ ក្នុង​នោះ គឺ​ថ្ងៃ​ទី​មួយ ១ ៧០០​នាក់ ថ្ងៃ​ទី​ពីរ ១ ៧០០ នាក់ និង​នៅ​ថ្ងៃ​ទី​បី ២ ០៥០​នាក់​។

រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម គុ​ជ បញ្ញា​សា ភ្ញៀវ​អន្តរជាតិ ដែល​បាន​អញ្ជើញ​ឡើង​មក​អង្គុយ​ទស្សនា​នៅ​លើ​ពន្លា​ទេសចរណ៍ ក្នុង​រយៈពេល​ទាំង​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ សុទ្ធតែ​ប្រកបដោយ​ទឹកមុខ​ញញឹមញញែម​ស្រែក​ហ៊ោកញ្ជ្រៀវ​សាទរ​ដល់​កីឡាករ​ដែល​កំពុង​បញ្ចេញ​កម្លាំងកាយ​បង្កើន​សន្ទុះ​ទូក​យកជ័យ​ជម្នះ​លើ​គូប្រកួត​។

ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​លើ​ពន្លា​ក្រសួងទេសចរណ៍​នេះ ទទួល​បានការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​មន្ត្រី​ក្រសួងទេសចរណ៍ និង​ទទួល​បាន​ខិត្ត​បណ្ណ​សម្រាប់​អាន​ស្វែង​យល់​បន្ថែម​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​មាន​ជា​ភាសា​អង់គ្លេស បារាំង និង​ភាសា​ចិន ព្រមទាំង​មាន​ម​គ្គុ​ទេស​ក៏​ចាំ​ជួយ​បកប្រែ ជួយ​សម្រួល​ជូន​ដល់​ភ្ញៀវ​បរទេស​។ ជាមួយ​គ្នា​នេះ ភ្ញៀវ​ទេសចរ​ក៏​អាច​ពិសា​ទឹក និង​ភេសជ្ជៈ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម គុ​ជ បញ្ញា​សា ក៏​បាន​អំពាវនាវ​ឱ្យ​ភ្ញៀវ​ទេចរ​មក​លេង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ដង​ទៀត ដើម្បី​ទស្សនា​ព្រឹត្តិការណ៍​ធំ​ៗ​ដូច​ជា បុណ្យអុំទូក​ជាដើម និង​ទស្សនា​ប្រាង្គ​ប្រាសាទ ដើរ​លេង​ព្រៃ​ភ្នំ ជ្រលង​ដងអូរ ទឹកធ្លាក់​ដ៏​ស​ប្បូ​ណ៌​បែប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕