ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) មានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

0

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែនេះ។

ភ្នំពេញ៖ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ កម្ពស់៥,២០ម៉ែត្រ មានទីតាំងស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-ចិន​សែន​សុខ​ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយនេះ ត្រូវបាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅកាលពី​ថ្ងៃ​ច័ន្ទ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ ក្រោម​អធិបតី​ភាព​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា​។

គម្រោង​នេះ​ ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១៧​លាន​ដុល្លារ​អាមេរិក​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជា​មួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ ភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ ​ពន្ធ​ និង​អាក​ងៗ​។ ស្ពាន​នេះ ​បាន​ប្រើ​ពេល​សាង​សង់​ចំនួន​ ២៤​ខែ ​ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៦​ ហើយ​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។

គួរបញ្ជាក់ផងដែរថានៅក្នុងពិធីសម្ភោធស្ពានអាកាសខាងលើ សម្តេចតេជោ បានគូសរំលេចថា ឥណទានដែលប្រើប្រាស់សម្រាប់គម្រោងសាងសង់ស្ពានអាកាសផ្សារដីហ៊ុយនេះ គឺត្រូវបានចុះហត្ថលេខាដែលធ្វើឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន​​ ឯកឧត្តម ហ្ស៊ី ជីនភីង នៅព្រះរាជាណាចក្រកម្ពុជា ហើយស្ពានអាកាសផ្សារដីហ៊ុយមួយនេះ មិនគ្រាន់តែបានចូលរួមដោះស្រាយនូវបញ្ហាការកក់ស្ទុះចរាចរណ៍ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នោះទេ ក៏ប៉ុន្តែវាបានភ្ជាប់ទំនាក់ទំនងផ្លូវនេះ ជាមួយខ្សែក្រវ៉ាត់របស់យើង ដែលហៅថាខ្សែក្រវ៉ាត់ទី២ផងដែរ។

ជាមួយគ្នានេះ វាបានតភ្ជាប់ពីទិសខាងជើង ជាមួយទិសខាងត្បូង នៃរាជធានីភ្នំពេញ ដោយអាចចាប់ផ្តើមធ្វើដំណើរតាមរយៈការបញ្ចៀសការកក់ស្ទុះចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ ដោយចាប់ផ្តើមពីទំនប់កប់ស្រូវ រហូតមកតាមផ្លូវសហព័ន្ធរស្ស៊ីនេះ និងរហូតដល់ស្ពានតាខ្មៅឯណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ បាននិងកំពុងលេចរូបរាងឡើង ដោយមានទាំងកំពុងចររាចរណ៍ និងកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសតិចណូ ឬ ស្ពានអាកាស ៥មករា, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសភ្លោះ និងស្ពានអាកាសមរតកតេជោ៕