ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឈានចូលមកដល់ថ្ងៃទីបី ដែលជាថ្ងៃចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្រ និងជ័យលាភីទូក១២ទូក នឹងទទួលបានការប្រោសព្រះរាជទានពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមការកំណត់បង្ហាញនៅក្នុងបទបញ្ជាបច្ចេកទេសបានបញ្ជាក់អំពីប្រាក់រង្វាន់ឧបត្ថម្ភរួមមាន៖ ទូកទាំងឡាយណា ដែលបានប្រកួតឈ្នះរហូត ក្នុងរយៈពេលបីថ្ងៃជាប់គ្នា ត្រូវបានជាប់ចំណាត់ ថ្នាក់ក្នុងផែនលេខ១, ទូកទាំងឡាយណា ដែលបានប្រកួតឈ្នះពីរថ្ងៃ ចាញ់មួយថ្ងៃ ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងផែន លេខ២, ទូកទាំងឡាយណា ដែលបានប្រកួតឈ្នះមួយថ្ងៃចាញ់ពីរថ្ងៃ ត្រូវជាប់ចំណាត់ថ្នាក់ក្នុងផែន លេខ៣ ហើយទូកទាំងឡាយណា ដែលចាញ់រហូតក្នុងរយៈពេលទាំងបីថ្ងៃ ត្រូវទទួលចំណាត់ថ្នាក់ក្នុងផែន លេខ៤។
ការផ្គូផ្គងទូកតាមប្រភេទនីមួយៗ គឺអាស្រ័យដោយការចាត់តាំងរបស់គណៈកម្មការរៀបចំការប្រណាំង។ ការផ្គូផ្គងនេះ គឺអនុវត្តន៍ដោយអនុលោមទៅតាមចំណុះទូក ប្រភេទទូកនីមួយៗ និងតាមបញ្ជីប្រវត្តិដែលស្រុក ក្រុងខណ្ឌ រាជធានី-ខេត្ត និងស្ថាប័នចូលរួម បានផ្ញើមកគណៈកម្មការបច្ចេកទេស ។
ចំពោះប្រាក់រង្វាន់ឧបត្ថម្ភក្បាលទូក៖ ទូកទាំងឡាយណាដែលបានជាប់ចំណាត់ថ្នាក់ក្នុងផែនលេខ១ ត្រូវបានទទួលប្រាក់ឧបត្ថម្ភក្បាលទូកចំនួន ១ ០០០ ០០០ រៀលគត់ (មួយលានរៀលគត់) និងមានរបបជំនួយឧបត្ថម្ភពីសប្បុរសជនបន្ថែម តាមភាពជាក់ស្តែង។ ចំណាត់ថ្នាក់ក្នុងផែនលេខ២ ត្រូវបានទទួលប្រាក់ឧបត្ថម្ភក្បាលទូកចំនួន ៨០០ ០០០ រៀលគត់ (ប៉ែតសិបម៉ឺនរៀលគត់) និងមានរបបជំនួយឧបត្ថម្ភពីសប្បុរសជនបន្ថែម តាមភាពជាក់ស្តែង។
ចំណាត់ថ្នាក់ក្នុងផែនលេខ៣ ត្រូវបានទទួលប្រាក់ឧបត្ថម្ភក្បាលទូកមួយចំនួន ៦០០ ០០០ រៀលគត់ (ហុកសិបម៉ឺនរៀលគត់) និងមានរបបជំនួយឧបត្ថម្ភពីសប្បុរសជនបន្ថែម តាមភាពជាក់ស្តែង។ ចំណាត់ថ្នាក់ក្នុងផែនលេខ៤ ត្រូវបានទទួលប្រាក់ឧបត្ថម្ភក្បាលទូកមួយចំនួន ៥០០ ០០០ រៀលគត់ (ហាសិបម៉ឺនរៀលគត់) និងមានរបបជំនួយឧបត្ថម្ភពីសប្បុរសជនបន្ថែម តាមភាពជាក់ស្តែង។
ចំពោះអ្នកអុំ ឬអ្នកចែវទាំងបុរស-នារី និងអ្នកបម្រុងទាំងអស់ត្រូវទទួលប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ ទឹកប្រាក់ សរុបសម្រាប់រយៈពេលបីថ្ងៃតែម្តង ចំនួន ៣០ ០០០ រៀលគត់ (សាមសិបពាន់រៀលគត់។
ជាមួយគ្នានេះដែរ សម្រាប់ពិធីចែករង្វាន់ជ័យលាភីជានិមិត្តរូបប្រព្រឹត្តទៅនៅថ្ងៃទីបី នៃព្រះរាជពិធីបុណ្យ បន្ទាប់ពីការប្រណាំង ទូករយៈពេល៣ថ្ងៃ បានដល់ទីបញ្ចប់។ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគកំណត់ជ្រើសរើសកីឡាករ កីឡាការិនី ៣នាក់ តំណាងប្រភេទទូកនីមួយៗដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ផែនលេខ១ (សរុបចំនួន០៦ទូក) ទូកជ័យលាភីផ្នែកសោភណភាពតាមប្រភេទទាំងបី (ចំនួន៣ទូក) ទូកគូពិសេសចំនួន៣បូក (ពីលេខ១ ដល់លេខ៣) ផ្នែកល្បឿនដែលសរុបរួមមានចំនួន ១២ទូក ដើម្បីត្រៀមទទួលរង្វាន់ជ័យលាភីពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កីឡាករ កីឡាការិនី ដែលត្រូវឡើងទទួលរង្វាន់ជ័យលាភីពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រូវមានសម្លៀកបំពាក់អុំទូកតាមលក្ខណៈប្រពៃណីជាតិឱ្យបានសមរម្យ៕







