រដ្ឋបាលរាជធានីភ្នំពេញ៖ បរិស្ថានត្រូវតែស្អាតក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ តែអាជ្ញាធរក៏អំពាវនាវឱ្យពលរដ្ឋចូលរួមផងដែរ

0

ភ្នំពេញ៖ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ ឆ្នាំ​២០១៤​នេះ បាន​ប្ដេជ្ញា​ថា បញ្ហា​បរិស្ថាន សំរាម​ត្រូវ​ប្រមូល​យ៉ាង​ស្អាត ដោយ​ក្រុមការងារ​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ហើយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣​ក៏​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​នៅ​តាម​តំបន់​របស់​ខ្លួន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ជា​តំ​ណា​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ធ្វើ​សន្និសីទកាសែត​នៅ​ខាង​មុខ​វេទិការ​បុណ្យអុំទូក​មុខ​ព្រះ​បរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​នេះ សំរាម​យើង​ប្រមូល​បាន​ល្អ​មែនទែន​។ ការងារ​ល្អ​បែប​នេះ​គឺ​ដោយសារ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ដាក់​ផែនការ​យ៉ាង​ច្បាស់លាស់ ជាមួយនឹង​ការ​ត្រៀមលក្ខណៈ​ទុកជា​មុន ទាំង​មធ្យោបាយ ទាំង​កម្មករ ទាំង​អ្នក​ទទួលខុសត្រូវ​។​ជាក់ស្តែង​សម្រាប់​រយៈពេល​២​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ បងប្អូន​ក្រុមការងារ​ទាំងអស់​បាន​ធ្វើ សកម្មភាព​ព្រម​ៗ​គ្នា ក្នុង​នោះ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ក៏​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​នៅ​តាម​តំបន់​របស់​គាត់​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ផង​ដែរ​។ មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​របស់​យើង​ក៏​បាន​បំពេញការងារ​បាន យ៉ាង​ល្អ​ព្រម​ៗ​គ្នា​ផង​ដែរ ដោយ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​អោយ​ទុកដាក់​សំរាម ហើយ​ក្រុមហ៊ុន ក៏​បាន​ប្រមូល​សំរាម​យ៉ាង​ល្អ​។ ជាក់ស្តែង​រយៈពេល​២​ថ្ងៃនេះ យើង​ធ្វើ​បាន​ល្អ​មែនទែន ពោល​គឺ​ត្រឹម​ម៉ោង​៥​ទៅ​ម៉ោង​៦​ទៀប​ភ្លឺ យើង​ប្រមូល និង​សម្អាត​សំរាម​បាន​ស្អាត គឺ​ភ្នំពេញ​យើង​ស្អាត​ដូច​ថ្ងៃ​ធម្មតា ហាក់ដូច​មិន​មាន​ពិធី​ដែល​មាន​មនុស្ស​ជាង​២​លាន​នាក់​ចូលរួម​អ​ញ្ចឹ​ង​។

ឯកឧត្ដម​បាន​បន្ត​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ យើង​បាន​ប្រើ​កម្មករ​ប្រមាណ​១៥០០​នាក់ រថយន្ត​បាន​ត្រៀម​ជាង​១០០​គ្រឿង ពង្រាយ​ធុងសំរាម​ថ្មី​១៣០០​ធុង​។ យើង​មាន​មធ្យោបាយ​គ្រប់​បែប​យ៉ាង​មាន​ទាំង​រថយន្ត​ដឹក​សំរាម រថយន្ត​បាញ់​លាង មាន​ម៉ូតូ​កង់​បី​ចល័ត ដើម្បី​ប្រមូល​ធុងសំរាម​ចេញ​ពេល​ដែល​ពេញ និង​មាន​ម៉ូតូ​កង់​បី​ប្រមូល​សំរាម​ថែម​ទៀត​។ កាលពី​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ យើង​បាន​ប្រមូល​សំរាម​ទៅ​កាន់​ទីលាន​ដាក់​សំរាម​បាន​ចំនួន​៣៨០០​តោន​។ បញ្ហា​សំរាម​ឆ្នាំ​នេះ​យើង​រៀបចំ​គ្រប់គ្រង​បាន​ល្អ យើង​បាន​ពង្រាយ​ធុងសំរាម​ជាង​១០០០​ធុង ប្រជាពលរដ្ឋ​បាន​ចូលរួម​ទុកដាក់​សំរាម​បាន​ល្អ បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រមូល​។

ទន្ទឹម​នឹង​នេះ ឯកឧត្ដម​បាន​អំពាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ សូម​ទុកដាក់​សំរាម​ក្នុង​ធុង​ឱ្យ​បាន​ល្អ​។ បើ​ធុងសំរាម​ពេញ​សូម​ដាក់​ក្នុង​ថង់​ធំ​ដែល​យើង​បាន​ចែក​ជូន សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​របស់​យើង ដើម្បី​ឱ្យ​ទីក្រុង​យើង​ស្អាត បរិស្ថាន​ល្អ​។ សម្រាប់​រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន​នេះ សំរាម និង​បរិស្ថាន​នៅ​ក្នុង​ទីក្រុង ពិតជា​ល្អ​មិន​ចាញ់​ប្រទេស​ជិតខាង​យើង​ឡើយ​។ ប្រទេស​គេ​ពិតជា​ស្អាត តែ​រាជធានី​ភ្នំពេញ​របស់​យើង​ក៏​មិន​ចាញ់​គេ​ដែរ ដោយ​យើង​បាន​ធ្វើការ​កែទម្រង់​លើ​វិស័យ​សំរាម​នេះ​បាន​ល្អ យើង​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣ ធ្វើ​សកម្មភាព​បាន​ល្អ​ព្រម​ៗ​គ្នា​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា នេះ​បាន​កោតសរសើរ និង​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ពាក់ព័ន្ធ ព្រះ​ថេ​រា​នុ​ថេរៈ លោកតា​លោកយាយ អ៊ំ​ពូ​មីង បងប្អូន និង​ក្មួយ​ៗ​ទាំងអស់ ដែល​បាន​ជួយ​បោសសម្អាត និង​គ្រប់គ្រង​អនាម័យ​នៅ​តាម​សួនច្បារ តំបន់​កម្សាន្ត និង​តំបន់​ប្រារព្ធ​ពិធី​នានា​នៃ​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ដើម្បី​រក្សា​បាន​នូវ​សោភ័ណ​ភាព ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង និង​ជនបរទេស​ជា​ភ្ញៀវ​ទេសចរ បាន​ចូលរួម​ទស្សនា​កម្សាន្ត ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព​៕