ភ្នំពេញ៖ នៅរាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានការចូលរួមពីពលរដ្ឋយ៉ាងច្រើនសប្បាយរីករាយ ក្រោមម្លប់សន្ដិភាព ដោយពិធីនេះធ្វើឡើងក្រោមអធិតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ពិធីអកអំបុកនេះក៏ជាព្រះរាជពិធីមួយដែលប្រារព្ធក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលមានអំបុក ចេកទុំ ដូងខ្ចី ផ្កាភ្ញី រួមទាំងគ្រឿងសក្ការបូជាមួយចំនូនទៀត។ ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹក សម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ ពេញបរមី និងពេញរង់ ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។ សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទ័រះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឱ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ តាមទំនៀមទម្លាប់ប្រពៃណី ពេលអកអំបុកគេរង់ចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្រ័អកក្នុងភាពសប្បាយរីករាយមុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្មណ៍ និងសត្វទន្សាយជាព្រះពោធិសាត់។ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្តើមសន្យាថានឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទពេញបរមី នាថ្ងៃ១៥កើត ខែកត្តិក ដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។
យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕