ភ្នំពេញ៖ ពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង នឹងធ្វើឡើងក្រោបញ្ចប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ (នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ពិធីកាត់ព្រ័ត្រ បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ពិធីកាត់ព្រ័ត្រគឺជាពិធីមួយដែលបង្ហាញ ពីលទ្ធផលនៃព្រះរាជពិធីប្រណាំងទូក បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ គឺ ថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច នៃខែកត្តិក ។ ពិធីនេះ ជានិមិត្តសញ្ញានៃឆន្ទៈដ៏មុតស្រួចរបស់កងកម្លាំងដ៏ក្លៀវក្លា ពោរពេញដោយ ថាមពលរបស់អ្នកអុំទូក ដែលជាតំណាងកងទ័ពជើងទឹក ដែលបានធ្វើសមយុទ្ធតាមជំនាញ ក្នុងយុទ្ធវិធីការពារបូរណភាពទឹកដី ប្រកបដោយភាពជោគជ័យក្នុងសមរភូមិ។ ពិធីកាត់ព្រ័ត្រនេះ ក៏ជាសិល្បៈនៃកីឡាករ កីឡាការិនីអុំទូក ខ្មែរបុរាណ មួយបែប ដែលមានន័យជាអត្ថប្បដិរូប ភ្ជាប់ទៅនឹង យុទ្ធវិធីគ្រប់គ្រងដឹកនាំ ថែរក្សាការពារអាយុជីវិត ការពារ បូរណភាពទឹកដី បេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងបង្ហាញពីមហិច្ឆតារបស់ពួកខ្មាំងសត្រូវ ដែលមានបំណងអាក្រក់ក្នុងការឈ្លានពាន ដណ្តើម យកទឹកដីអច្ឆរិយៈរបស់យើង តាមរយៈល្បែងចាប់កូនខ្លែង។ ខ្សែព្រ័ត្រដែល ចងលាតសន្ធឹងយ៉ាងវែង ភ្ជាប់ពីទូកមួយ ទៅទូកមួយទៀត នៅកណ្តាលទន្លេ ស្ថិតនៅចំព្រះភក្ត្រព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការនាព្រះពន្លាជ័យ ត្រូវបានកាត់ផ្តាច់ដោយដាវជ័យ (ព្រះខ័នរាជ) ជាគ្រឿងសាស្ត្រាវុធដ៏ពិសិដ្ឋ ដែលបញ្ជា ដឹកនាំដោយទូកក្រុមអាចារ្យបារគូ និងទូកមួយទៀតជាតំណាងនៃមេទ័ពខ្មែរ ដែលប្រដាប់ ដោយសម្លៀកបំពាក់ស័ក្តិសមជាមេទ័ពដ៏មានមហិទ្ធិឫទ្ធិ។ ទូកអុំ ទូកចែវ ទាំងឡាយដែលហែរហមតាមក្រោយ បានលើកច្រវាឡើងព្រមៗគ្នា ស្រែកហ៊ោកញ្ជ្រៀវកងរំពង និងបញ្ចេញសម្រែកជ័យឃោសដោយទឹកចិត្តរីករាយ ហាក់បីដូចជាសម្រែក ស្រែកសន្ធាប់បំបាក់ស្មារតីខ្មាំងសត្រូវ ដែលមានបំណងយាយីទឹកដី របស់យើង ។ សម្រែកដ៏សន្ធាប់ដោយលាយឡំនឹងជ័យឃោសនេះ ធ្វើឱ្យខ្មាំងសត្រូវបាក់បប ខ្លបខ្លាចអំណាចចេស្តា នៃកម្លាំងមហាសាមគ្គីរបស់យើង។
ចំពោះការចាប់កូនខ្លែងវិញ វាជាល្បែងប្រជាប្រិយមួយបែបដែលចាស់បុរាណរបស់ យើងរៀបចំឡើងសម្រាប់កម្សាន្តសប្បាយនៅពេលពិធីបុណ្យចូលឆ្នាំថ្មី តែគេលេងនៅលើគោក។ ល្បែងនេះវាបង្ហាញពីវិធីការពារកូនទ័ព(កូនមាន់) ពីសម្នាក់មេទ័ព (មេមាន់)។ ល្បែងចាប់កូនខ្លែងនេះ គឺមានបុរសម្នាក់ដើរតួ ជាសត្វខ្លែង នារីម្នាក់ដើរតួជាមេមាន់ និង បុរសនារីជាច្រើននាក់ទៀតដើរតួជាកូនមាន់។ ខ្លែងជាប្រភេទសត្វដែលមានមហិច្ឆតា ចង់ ចាប់កូនមាន់ធ្វើជាចំណីរបស់វា។ សត្វខ្លែងប្រើគ្រប់កលល្បិចដោយហើរសំកាំង ដើម្បីឆក់ឱកាសឆាបយកកូនមាន់ធ្វើជាចំណី។ រីឯមេមាន់ ស្ថិតនៅចំពោះមុខគ្រោះថ្នាក់បែបនេះ បានប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារកូនរបស់ខ្លួនកុំឱ្យបាត់បង់ ឬគ្រោះថ្នាក់ដោយសាសត្វខ្លែង ។ មេមាន់បង្ហាញនូវជំហរលះបង់ខ្ពស់ ត្រៀមប្រយុទ្ធជាមួយសត្វខ្លែង និងបង្ហាញពី ព្រហ្មវិហារធម៌ចំពោះកូន ដោយស្មារតីប្រុងប្រយ័ត្ន។ កូនមាន់ដែលធ្វើតាមការណែនាំរបស់ មេនោះ គឺមិនជួបភ័យន្តរាយឡើយ។ សត្វខ្លែងដែលមានបំណងបំផ្លាញសេចក្តីសុខរបស់ មេមាន់និងកូនមាន់នោះ បែរជាមិនអាចសម្រេចនូវ មហិច្ឆតារបស់ខ្លួនបាន។
ល្បែងប្រជាប្រិយខ្មែរ ចាប់កូនខ្លែងនេះ ប្រៀបបានទៅនឹង យុទ្ធសាស្ត្ររវាង មេទ័ព និងកម្លាំងទ័ពដែលមានយុទ្ធវិធី និងមានសិល្បៈខ្ពស់ ក្នុងការបង្កើនស្មារតីប្រុងប្រយ័ត្ន និង ភាពស្ទាត់ជំនាញរបស់មេកោយ ដែលចេះដឹកនាំបញ្ជាគ្រប់គ្រងបានល្អ អាចការពារកូនចៅ របស់ខ្លួនប្រកបដោយជោគជ័យ។ ទាំងនោះគឺដោយសាស្មារតីសាមគ្គីធម៌របស់កងកម្លាំង ដែលស្តាប់បទបញ្ជារបស់មេកោយ ប្រកបដោយភាពមានវិន័យ និងមិនប្រមាទមើលស្រាល គូសត្រូវ។ ដោយហេតុល្បែងចាប់កូនខ្លែង មានន័យទាក់ទងទៅនឹងការគ្រប់គ្រងដឹកនាំផ្នែក កម្លាំងប្រយុទ្ធបែបនេះហើយ ទើបបុរាណខ្មែរយើងលើកយកល្បែងចាប់កូនខ្លែងនេះ មកភ្ជាប់ជាមួយព្រះរាជពិធីកាត់ព្រ័ត្រ ក្នុងពេលបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក។ ពិតមែនតែល្បែងចាប់កូនខ្លែងគេលេងនៅលើគោក តែដោយព្រះរាជពិធីបុណ្យ អុំទូក មានចរិតលក្ខណៈសមយុទ្ធរបស់កងទ័ពជើងទឹក ដែលមានទូកក្តារជាមធ្យោបាយ ទើបចាស់បុរាណលោកលើកយកល្បែងនេះ មកប្រារព្ធក្នុងពិធីកាត់ព្រ័ត្រ ទុកដូចជាការ សម្តែងមនោសញ្ចេតនាសប្បាយរីករាយក្នុងពិធីដ៏មានប្រជាប្រិយនេះ៕