ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានី ឆ្នាំនេះមានរៀបចំស្តង់ពិព័រណ៍១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់

0

ភ្នំពេញ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤​នេះ​មានការ​រៀបចំ​ជា​ស្តង់​ពិព័រណ៍​ចំនួន​១៣​កន្លែង និង​មាន​ស្តង់​ជាង​៤០០​ស្តង់ ហើយ​ក៏​មាន​ស្តង់​រាយរង​ផ្សេង​ៗ​ទៀត​ដែរ ហើយ​ស្តង់​ពិព័រណ៍​ភាគច្រើន មាននៅ​តាម​តំបន់​សប្បាយ កន្លែង​ប្រគុំ​តន្ត្រី​ជាដើម​។

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹង​ថ្ងៃ​ទី​១៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២៤​ថា តាម​របាយការណ៍​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួល​បាន កន្លែង​រៀបចំ​ស្តង់​ពិព័រណ៍​មាន​ចំនួន​១៣​កន្លែង និង​មាន​ស្តង់​ចន្លោះ​ពី​៤៣០ ដល់​៤៥០​ស្តង់ ហើយ​ក៏​នៅ​មាន​ស្តង់​រាយរង​ផ្សេង​ៗ​ទៀត​ដែរ​។

លោកស្រី​បន្ត​ទៀត​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន ហើយ​ការ​លក់ដូរ​ក៏​មាន​ច្រើន​ដែរ​។ ដូច្នេះ​ដើម្បី​ឱ្យ​កន្លែង​លក់ដូរ​មាន​សោភ័ណ​ភាព មាន​អនាម័យ​ល្អ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោកស្រី​ស្នើ​ឱ្យ​បងប្អូន​អាជីវករ ចូលរួម​ទុកដាក់​សម្ភារ និង​រៀបចំ​ទុកដាក់​ឱ្យ​មាន​អនាម័យ ដើម្បី​ភាព​ស្រស់​ស្អាត និង​ដើម្បី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ក្នុង​នេះ​លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

សូម​បញ្ជាក់​ថា ចំនួន​ស្តង់​ពិព័រណ៍​ទាំង​១៣​កន្លែង​នេះ រួម​មាន​៖ សួនច្បារ​វត្ត​បទុម​វ​តី ផ្នែក​ខាងត្បូង និង​ផ្នែក​ខាងជើង ក្រោយ​ផ្សារ​រាត្រី សួន​ព្រះ​នាង​ប្រាជ្ញា​បារមី កោះ​ពេជ្រ​កន្លែង​ចុះ​ចត Helicopter កោះ​ពេជ្រ​ខាង​មុខ​អគារ​L កោះ​ពេជ្រ​កន្លែង​រៀបចំ​ស្តង់​ពិព័រណ៍​សម្រាប់​ជួល ទីលាន​ប្រជាធិបតេយ្យ រោង​អា​យ៉ៃ​វត្ត​ភ្នំ សួន​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC ក្បែរ​រង្វង់​មូល​នាង​មច្ឆា​OCIC ជ្រោយចង្វារ និង​ពីរ​កន្លែង​ទៀត​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​សម្រាប់​លក់​ផលិតផល និង​សម្រាប់​កន្លែង​អង្គុយ​សាក​ថ្ម​ទូរស័ព្ទ​ដោយ​មិន​យក​ថវិកា​ផង​ដែរ​៕