សៀមរាប៖ ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលទទួលរងនូវការបែកបាក់ដួលរលំយ៉ាងដំណំនោះ ឥឡូវនេះត្រូវបានអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាជួសជុលឡើងវិញ ដោយសម្រេចបានជាង៤០ភាគរយហើយ ដែលមើលទៅមានមានសោភ័ណភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ដោយការជួសជុលនោះគេបានរៀបកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាន។
អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលនេះ បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ដំណើរការជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ បានដំណើរការអស់រយៈពេលជាង៣ខែមកហើយ ពោលគឺចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤មកម្ល៉េះ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។
អ្នកស្រីបានរៀបរាប់អំពីដំណើរការជួសជុលនៃស្ពានហាលនេះថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ហើយក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលពុកផុយ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។
អ្នកស្រីបានបញ្ជាក់ដោយក្តីរីករាយថា បច្ចុប្បន្នក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ ដោយអ្នកស្រីបានបញ្ជាក់ថា ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ ហើយរីឯថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើមបានស្ទើរតែទាំងអស់។ ហើយបន្ទាប់ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជាបន្តទៀត៕