រដ្ឋបាលរាជធានីភ្នំពេញតុបតែងលម្អសោភ័ណភាព ដើម្បីទទួលភ្ញៀវជាតិ-អន្ដរជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ

0

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ទទួល​អំណរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ វិច្ឆិកា ឆ្នាំ​២០២៤​។

តាម​ការ​បញ្ជាក់​របស់​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ថា ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​បរិស្ថាន​ទីក្រុង ក៏​ដូច​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ ត្រូវ​បាន​ពង្រឹង និង​រៀបចំ​យ៉ាង​ស្រស់​ស្អាត រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​ខាង​មុខ​នេះ​។ ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង​នា​ពេល​នេះ គឺជា​ការ​រួមចំណែក​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​ដែល​មាន​យូរលុង​មក​ហើយ​។ ម្យ៉ាងទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ដោយ​ចាត់ទុកជា​ទីក្រុង​ស៊ី​វិ​ល័យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​សុខ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​។

ក្រោម​ការ​ដឹកនាំ​អនុវត្ត​ផ្ទាល់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្ដម​អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ធ្វើការ​ជួសជុល​តុបតែង កែ​លម្អ ជួសជុល​ក្រា​នី​ត ការ៉ូឡា សួនច្បារ សាងសង់​បង្គន់​អនាម័យ និង​បន្ទប់ទឹក និង​ពង្រាយ​បង្គន់​អនាម័យ​ចល័ត ព្រមទាំង​ការងារ​ផ្សេង​ៗ​ទៀត ហើយ​បើ​គិត​មក​ដល់​ពេល​នេះ ការងារ​ខាងលើ​អនុវត្ត​សម្រេច​បាន​១០០​ភាគរយ​ហើយ លាបថ្នាំ​តាម​ច្រាំង​ទន្លេ (​មុខ​ពន្លាជ័យ​) លាប​ក្បាច់​បង់​អង្គុយ​ថ្ម​ម៉ា​ប លាប​បង់​អង្គុយ លាប​បង្គោល​ភ្លើង​ថ្ម លាប​រូបសំណាក​តោ និង​ហ៊ុម​ព័ទ្ធ​របង​សួនច្បារ​វិមាន​ឯករាជ្យ សួនច្បារ​មាត់ទន្លេ (​ចាប់ពី​ផ្សារ​រាត្រី​ដល់​សាលសន្និសីទ​ចតុមុខ​) ការ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​សំខាន់​ៗ ជាមួយ​ការ​ត្រៀមកម្លាំង​សម្រាប់​បោសសម្អាត​សួនច្បារ​រយ​:​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤-១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ គឺ​សុទ្ធតែ​បាន​ត្រៀម​រួចរាល់​៕