អភិបាលខេត្តតាកែវ ស្នើអោយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្របសម្រួលក្រៅប្រព័ន្ធតុលាការរាល់បញ្ហាសងប្រាក់ត្រលប់របស់ប្រជាពលរដ្ឋ

0

តាកែវ៖ នៅក្នុងឱកាសជួបសំណេះសំណាលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានស្នើអោយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ សូមបន្តដោះស្រាយក្រៅប្រពន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងតែមានបញ្ហាហិរញ្ញវត្ថុឬលំហូរសាច់ប្រាក់ ដែលនាំអោយការសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុមានការតយឹតយ៉ាវ ដូច្នោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើការសម្របសម្រួលគ្រប់បែបយ៉ាងក្រៅប្រព័ន្ធតុលាការជាមួយភាគីអ្នកខ្ចី ដោយជៀសវាងការដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការបញ្ហានេះ។

ឯកឧត្តម វ៉ី សំណាង បានបន្តថា កន្លងមកមានបញ្ហាមួយចំនួន បានកើតឡើងរវាងភាគីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ រហូតមានការបង្ហោះតាមបណ្ដាញសង្គមជាដើម។ ដើម្បីលប់បំបាត់បញ្ហានេះ ភាគីទាំង២ ត្រូវជួបជជែកដោះស្រាយគ្នានិងមានការយោគយល់អធ្យាស្រ័យអោយគ្នា ទើបបញ្ហានេះមិនអាចទៅដល់តុលាការបាន។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៍បានណែនាំដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងសម្រេច អោយបងប្អូនប្រជាពលរដ្ឋធ្វើការខ្ចីប្រាក់ សូមពិនិត្យមើលអោយបានច្បាស់លាស់ថាពួកគាត់យកលុយទៅប្រកបមុខរបអ្វី ដើម្បីធ្វើយ៉ាងណាជៀសវាងមានបញ្ហា ពេលដែលសងត្រលប់មកវិញ ហើយមានការប្ដឹងផ្ដល់គ្នាទៅតុលាការដើម្បីដោះស្រាយបញ្ហា។

ឆ្លើយតបទៅនិងការលើកឡើងរបស់ ឯកឧត្តមអភិបាលខេត្តតាកែវ ភាគី ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានយល់ព្រមទៅនិងសំណើររបស់ ឯកឧត្តមអភិបាលខេត្ត ដែលបានស្នើអោយភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយប្រជាពលរដ្ឋដែលខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់មកវិញ៕