នៅចុងខែតុលានេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ធំ២ ប្រារព្ធឡើង

0

សៀមរាប៖ តាមកម្មវិធីដែលបានបង្ហាញឱ្យដឹង ខេត្តសៀមរាបនៅចុងខែតុលា ឆ្នាំ២០២៤ នេះ​នឹងមានព្រឹត្តិការណ៍​ធំៗចំនួន២ នឹងប្រារព្ធ​ឡើង ។នោះគឺពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍រៀបចំពីថ្ងៃ​ទី២៦​ដល់ថ្ងៃទី២៧ ខែតុលា និងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជាលើកទី២ » នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ។នៅខេត្តសៀម​រាបដដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររំពឹងថា ទទួលបានអ្នកដំណើរ ១លាន៥សែននាក់នៅដំណាច់ឆ្នាំនេះ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ថ្ងៃទី២២ ខែ​តុលា បានឱ្យដឹងថា ក្រសួងនឹងរៀបចំពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប ដោយមានស្តង់តាំងបង្ហាញសរុបប្រមាណ១០០ស្តង់ ។ ក្រៅ​ពីនេះក៏​មាន​សិក្ខាសាលា​ម្ហូបអាហារ (Gastronomy Conference) ក្រោម​ប្រធានបទ “Good Food for All” ក្រោមវត្តមាន​វាគ្មិនល្បីៗមក​ចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជា និងចិន។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់អំពីគោលបំណងនៃរៀបចំព្រឹត្តិការណ៍គឺដើម្បីជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេស​ចរណ៍​ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់​ប្តូរប្រជាជន និងប្រជា​ជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញ​ទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យបាន​កាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់​សមាគមទេស​ចរណ៍​ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មាន​​ជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូប​អាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week)​ឱ្យបានទូលំទូលាយ ។

ដោយឡែកព្រឹត្តិការណ៍មួយទៀតដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជាលើកទី២ » ​នឹង​​ប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា។

ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈនឹងនាំមកនូវផ្ទាំងទស្សនីយភាព​យ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រម​ទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ។ លើសពីនោះក៏មាន​ការតាំង​ពិព័រណ៍ម្ហូប សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃ​កូនខ្មែរថែមទៀតផង។

ទាក់ទងនឹងខេត្តសៀមរាបដដែលនេះដែរកាលពីថ្ងៃទី១៦ ខែតុលា​កន្លងទៅថ្មីៗនេះក្នុងឱកាសខួបគម្រប់១ឆ្នាំនៃការបើកដំណើរការ​​ជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ,អាកាស​យានដ្ឋានអន្តរជាតិកម្រិត 4E មួយនេះបានបង្ហាញថា មានអ្នកដំណើរ ហោះហើរចេញ និងចូលជាង ១ ៣០០ ០០០នាក់ និងរំពឹងថាកើនដល់ ១ ៥០០ ០០០នាក់ នៅដំណាច់ឆ្នាំ២០២៤នេះ៕