ថ្ងៃទី២៥ តុលា ក្រសួងកសិកម្មនឹងដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា»

0

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិធីដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី​នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ​ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយមាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការការ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការនូវឯកសារ​ស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» នឹងជួយដល់គ្រប់ភាគី​ពាក់ព័ន្ធទទួលបានព័ត៌មានច្បាស់លាស់ និងអាចប្រើប្រាស់ផែន​ទីតំបន់​ដាំដុះដំណាំស្វាយចន្ទី និងទិន្នន័យផ្ទៃដីដាំដុះសម្រាប់គាំទ្រការលើក​កម្ពស់ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា និងការ​កំណត់តំបន់ដាំដុះដំណាំដើម្បីគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

យោងតាមទស្សនទានស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី» បានឱ្យដឹងថា ក្នុងកិច្ច​សហការ​រវាង​នាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្ម(DALRM) នៃអគ្គនាយកដ្ឋាន​កសិកម្ម (GDA) ក្រោមការគាំទ្រពីកម្មវិធី ​SilvaCarbon SIG-GIS និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអភិវឌ្ឍន៍​គំរូដើម្បីផលិតផែន​ទីដំណាំ​កសិកម្មសម្រាប់ប្រទេសទាំងមូល ដោយ​បាន​ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន។

គម្រោងនេះផ្តោតលើដំណាំអាទិភាពដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំទុរេន ដំណាំមៀនប៉ៃលិន ដំណាំដំឡូងមី ដំណាំ​ពោត និងដំណាំម្រេចជាដើម ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ខ្សែ​ច្រវាក់​តម្លៃដំណាំនៅកម្ពុជា។លើសពីនេះ គម្រោងមាន​គោល​បំណងដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការបង្កើន​ប្រសិទ្ធភាពការប្រើប្រាស់ដី និងការកែលម្អការអនុវត្តកសិកម្ម ដើម្បី​រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

នៅឆ្នាំ២០២២ កម្មវិធី SilvaCarbon ក្រុមការងារSIG-GIS និងនាយក​ដ្ឋានគ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានប្តេជ្ញា​ចិត្តជំរុញការប្រមូលទិន្នន័យ និងរិះរកវិធីសាស្ត្រផលិតផែនទីដំណាំ​តាមរយៈការសិក្សាស្រាវជ្រាវ និងសាកល្បងគំរូម៉ាស៊ីន​ស្វ័យសិក្សា (Machine Learning) ផ្សេងៗ។ការរិះរកវិធីសាស្ត្រនេះផ្តោតជា​ពិសេសសំដៅលើការលើកកម្ពស់ភាពជឿជាក់ និង​ប្រសិទ្ធភាព​នៃការផលិតផែនទីដំណាំកសិកម្មនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើដំណាំស្វាយចន្ទី។

គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលទិន្នន័យដែលទទួលបានប្រភពជាច្រើនដែលបង្ហាញពីសមត្ថភាពគំរូ Convolutional Neural Network model (CNN) ជាមួយនឹងរូបភាពផ្កាយរណបផ្សេងៗ រួមមាន sentinel-1 sentinel-2 landsat-8 និង Planet Scope។ លើសពីនេះ រូបភាពថតចេញពីដ្រូនដែលមានគុណភាពកម្រិតខ្ពស់ និងទិន្នន័យផ្សេងទៀតដែលបានគូសវាស​ដោយដៃ​យ៉ាងល្អិតល្អន់​ត្រូវបានដាក់បញ្ចូលដើម្បីផលិតបានផែនទីដែលមានកម្រិតអាចជឿជាក់បានកម្រិតខ្ពស់។

ការរួមបញ្ចូលនៃប្រភពទិន្នន័យផ្សេងៗ និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យ​សិក្សា បានឈានទៅដល់ការផលិតផែនទីដំណាំ​ស្វាយចន្ទី​យ៉ាង​លម្អិត និងគួរឱ្យទុកចិត្តបាន។ ផែនទីនេះអាចចាត់ទុកជាចំណុចដ៏សំខាន់មួយក្នុងការផលិតផែនទីដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅក្នុងពេលខាងមុខនេះ។

ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់​កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេស​កម្ពុជា​មានផ្ទៃ​ដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។

កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីលើគេក្នុងពិភពលោក។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយ​ចន្ទីកម្ពុជា បានបញ្ជាក់ថា ទិន្នផលស្វាយចន្ទីកម្ពុជានឹងមានការកើន​ឡើង​នៅឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន កម្ពុជាជាប់​ចំណាត់ថ្នាក់​លេខ២ ជាប្រទេសផលិតស្វាយចន្ទីឆៅធំបំផុតលើពិភពលោក។

ស្របពេលគ្នានេះដែរក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សានិងប្រមូលព័ត៌មានដើម្បីធ្វើបច្ចុប្បន្ន​ភាព​តម្លៃផលិតកម្មដំណាំស្វាយចន្ទី នៅតាមបណ្តាខេត្តចំនួន៤ ចាប់ពីចុងខែកក្កដា រហូតដល់ដើមខែសីហាកន្លងទៅនេះ។ ខេត្ត​ទាំង៤នោះ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តស្ទឹង​ត្រែង។ការសិក្សានេះចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដោយក្រុមការងាររបស់ក្រសួង សហការជាមួយអង្គភាពពាក់ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងជួបជាមួយអាជ្ញាធរស្រុកនិងឃុំគោលដៅ៕