សៀមរាប៖ ក្នុងឱកាសគម្រប់១ឆ្នាំនៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើងហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើកទឹកចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមមានផ្តល់ការចុះកម្រៃ ៥០ភាគរយដូចគ្នា ជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម និងជើងហោះហើរដោយយន្តហោះជួល។
ផ្តល់ការចុះកម្រៃ ៥០ភាគរយ ចំពោះជើងហោះហើរជាប្រចាំគ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចំពោះកម្រៃចំនួន ៥០ភាគរយទៀត ដែលនៅសល់ត្រូវបានផ្តល់ជាការលើកទឹកចិត្តបន្ថែមស្របទៅតាមលក្ខខណ្ឌកំណត់ ដូចជាសម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ដល់ ១៤៩នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥ភាគរយបន្ថែម និងសម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃចំនួន ៥០ភាគរយបន្ថែម ឬទទួលបានការកាត់បន្ថយសរុប ១០០ភាគរយ ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតចំនួន ៥០ភាគរយ ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង។
ឯកឧត្ដមបន្ដថា ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ/YACA បាននឹងកំពុងពិនិត្យពិចារណា ដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយកកម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ មានការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រួមមាន បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ បន្ថយអត្រាអាករពិសេសពី ១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចណ៍បរទេសឡើយ។ ការអនុគ្រោះខាងលើនេះ មានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរដាក់ចេញនូវគោលនយោបាយ និងវិធានការអនុគ្រោះបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញ និងសម្រួលដល់ការវិនិយោគ បង្កើនផលិតផលទេសចរណ៍ថ្មីនៅខេត្ដសៀមរាប តាមរយៈយន្ដការភាពដៃគូរវាងរដ្ឋ និងឯកជនផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ មានសមត្ថភាពអាចទទួលបានយន្តហោះរហូតដល់កូដអ៊ី មានចំណតយន្តហោះចំនួន៣៨ ក្នុងនោះសមត្ថភាពអាចទទួលបានអ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់ក្នុងមួយឆ្នាំ និងរយៈពេលវែង ២០លាននាក់ក្នុងមួយឆ្នាំ និងសមត្ថភាពទទួលបានទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០.០០០តោនមួយឆ្នាំ និងរយៈពេលវែង ៦០.០០០តោនមួយឆ្នាំ៕