ភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមទស្សនាពិធីប្រណាំងទូកខេត្តបាត់ដំបងថ្ងៃទី១ ជិត៥០ម៉ឺននាក់ កើនឡើងជិត១០ភាគរយ

0

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាពិធីប្រណាំងទូក បណ្តែត ប្រទីប ខេត្តបាត់ដំបងថ្ងៃទី១ មានចំនួនជិត៥០ម៉ឺននាក់ ពោលគឺមានការកើនឡើងជិត១០ភាគរយ បើប្រៀបធៀបការប្រណាំងទូកឆ្នាំមុន។

របាយការណ៍មន្ទីរទេសចរណ៍បញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងកម្មពិធីបុណ្យអុំទូក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុប មានចំនួន ៤៦១,៧៩១ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២២ មានចំនួន ៤២១,៧០៥ នាក់ ។ ក្នុងចំនួននេះមានភ្ញៀវជាតិ មានចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០ នាក់ ភ្ញៀវអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់ ។

សូមបញ្ជាក់ថាពិធីប្រណាំងទូក បណ្តែតប្រទីបដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សានៅខេត្តបាត់ដំបងឆ្នាំនេះមាន ទូក៥ប្រភេទចូលរួមចំនួន៤២ទូក,កីឡាករសរុប១,៤៩០នាក់(ស្រី៦០នាក់)ក្នុងនោះកីឡាករពេញសិទ្ធចំនួន១,០៩៣នាក់(ស្រី៤៤នាក់),កីឡាករបំរ៉ុងចំនួន៣៩៧នាក់(ស្រី១៦នាក់)។

នេះមិនមែនជាលើកទី១ទេ ដែលខេត្តបាត់ដំបងបានប្រារព្ធ ពិធីប្រណាំងទូកនិងបណ្តែតប្រទីបអបអរសាទរបុណ្យចេញព្រះវស្សាក្នុងខេត្ត ។

បើយោងតាម រដ្ឋបាលខេត្តបាត់ដំបង ពិធីប្រណាំងទូកក្នុងខេត្តនេះចាប់ផ្ដើមធ្វើចាប់តាំងឆ្នាំ២០០០ រហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះចន្លោះឆ្នាំ២០២០.២០២១ មានការខកខាន ធ្វើដោយសារជម្ងឺរាត្បាតកូវីដ១៩ និងគ្រោះទឹកជំនន់ ហើយឆ្នាំនេះជាលើកទី ២៣ហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីនេះឡើងបន្តទៀតយ៉ាងអធិកអធមក្រៃលែង៕