ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ខែតុលាបានបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរក កាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។
កម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នឹងសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។
ការផ្តល់ជំនួយនេះគឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្ម ប្រមាណ ៧០ភាគរយ ជួបប្រទះនឹងឧបសគ្គរាល់ពេលដែលពួកគេស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពសម្រាប់ផលិតផលកសិកម្ម ផ្នែកមួយនៃឧបសគ្គទាំងនោះ គឺដោយសារកង្វះខាតសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។
សាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕