ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែ តុលា ត្រូវនឹងថ្ងៃ១៥កើត ពេញបូណ៌មី ខែអស្សុជនេះ ជាថ្ងៃចេញព្រះវស្សាដែលពិធីចេញព្រះវស្សាមានចែងក្នុងវិន័យប្បញ្ញត្តិរបស់ព្រះពុទ្ធសាសនា។
ភិក្ខុសង្ឃនៅគ្រប់វត្តដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ ត្រូវជួបជុំគ្នាធ្វើកិច្ចចេញវស្សារបស់ខ្លួនវិញដែលហៅថា“ បវារណាចេញវស្សា ” ឬ ការបើកឱកាសអោយនិយាយ ឬលើកឡើង។
សម្រាប់ថ្ងៃចេញព្រះវស្សានេះ បើយោងតាមព្រះវិន័យ ព្រះសង្ឃធ្វើកិច្ចបវារណាចំនួន៣៖ ទី១ បវារណាជាសង្ឃ ទី២ បវារណា ជាគណៈ និងទី៣ បុគ្គលបវារណា ។
ភិក្ខុសង្ឃដែលត្រូវធ្វើកិច្ចបវារណា មានយ៉ាងតិច៥អង្គ ក៏ប៉ុន្តែបើវត្តណាដែលមានព្រះសង្ឃត្រឹម៤អង្គ ៣អង្គ ឬ២អង្គ លោកឲ្យធ្វើកិច្ចបវារណាជាគណៈ បើមានតែមួយអង្គបវារណាជាបុគ្គល។
នៅក្នុងពិធីបវារណាចេញវស្សា ភិក្ខុសង្ឃគ្រប់អង្គអាចបង្ហាញពីអាបត្តិ ឬទោសដល់គ្នាទៅវិញទៅមក ដោយយោងតាម៣ចំណុចគឺ ទោសកំហុសដែលបានឃើញដោយផ្ទាល់, កំហុសដែលបានឮតគ្នា និងការសង្ស័យឬរង្គៀសលើចំណុចណាមួយ ។
សារសំខាន់នៅក្នុងពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬ បុគ្គលគ្នាឯងរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គង ឬ លើសបញ្ញត្តិណាមួយ ក្នុងរយៈពេលគង់ចាំវស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តី និង ការរង្កៀសក្តី ក៏សូមឱ្យលើកឡើង និងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ ដើម្បីភិក្ខុប្រព្រឹត្តខុសនោះ បានកែប្រែ ឱ្យប្រសើរឡើងវិញហើយកិច្ចនេះហៅថា” សម្តែងអាបត្តិ ” ។
ភិក្ខុសម្តែងអាបត្តិ គឺជាការដែលភិក្ខុប្រកាសទោសដែលខ្លួនត្រូវឬបានធ្វើឡើងនៅក្នុងរយៈពេលគង់ចាំព្រះវស្សា នៅក្នុងទីវត្តហើយល្មើសពុទ្ធប្បញ្ញត្តិ ដោយធ្វើការ អប់រំណែនាំ
ក្នុងគោលបំណង ដើម្បីបានសង្រួម និង ប្រតិបត្តិនូវធម៌វិន័យតទៅមុខទៀត ។
ព្រះសង្ឃត្រូវជួបជុំគ្នាធ្វើសេចក្តីអនុគ្រោះដល់ភិក្ខុសង្ឃថា ត្រូវស្មោះត្រង់ជាមួយគ្នា បង្កើតនូវភាពសាមគ្គី ជម្រះមន្ទិលឧបទ្រពសៅហ្មងដែលមាននៅក្នុងចិត្តសណ្តានអោយកើតជាការស្រុះស្រួលគ្នា បវារណាកម្មចេញព្រះវស្សា។
ដូចនេះការធ្វើពិធីបវារណាចេញវស្សានេះគឺមានបំណងឱ្យភិក្ខុសង្ឃទាំងអស់អង្គចេះកែខ្លួន ហើយសុំឱកាសអំពីអង្គផ្សេងៗទៀតឱ្យគេជួយថា ជួយប្រាប់ ជួយចង្អុលបង្ហាញផ្លូវប្រតិបត្តិឱ្យបានត្រឹមត្រូវ ។
ការជម្រះអាបត្តិ ហើយសាមគ្គីគ្នារួចហើយ ទើបភិក្ខុអាចទទួលបុណ្យកឋិនដែលនឹងឈានចូលមកដល់នៅថ្ងៃបន្ទាប់នេះបាន។
នៅក្នុងពិធីចេញព្រះវស្សានេះ នៅវត្តខ្លះមានទំនៀមទម្លាប់ ធ្វើក្បូនបណ្តែតដាក់ចំណីអាហារថ្វាយដល់ធាតុទាំង៤គឺ ទឹក ដី ភ្លើង និងខ្យល់ ខណៈនៅតំបន់ខ្លះទៀត បានបង្ហោះគោម និងអុំទូកជាដើម៕