រដ្ឋាភិបាលចិន បានថ្វាយជាព្រះទីនាំងរថយន្តចំនួន ១២គ្រឿង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា

0

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានថ្វាយជាព្រះទីនាំងរថយន្តចំនួន ១២គ្រឿង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា នៃព្រះករុណាព្រះ​មហាក្សត្រ នាពេលខាងមុខ។

ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ចើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលប្រជុំក្រសួងព្រះបរមរាជវាំង សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ដែលបាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនេះ ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យសម្រេចបានមហាជោគជ័យដ៏ត្រចះត្រចង់ជាបន្តទៅទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានរំលឹកអំពីទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ជាបងប្អូន ដែលមានការរីកចម្រើនរឹងមាំ ក្នុងលក្ខណៈល្អពិសេស មានរយៈពេលជាយូរលង់ណាស់មកហើយ អាស្រ័យព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន ក្នុងជំនាន់មុនៗ។ មាគាដល់ភ្លឺត្រជះត្រចង់នេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពប្រណិបត្តិរហូតដល់សព្វថ្ងៃនេះ។

បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានជម្រាបជូនសម្តេចមហាមន្ត្រី អំពីដង្វាយដ៏សប្បុរសថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ជាព្រះទីនាំងរថយន្តចំនួន១២គ្រឿង ដែលសាធារណរដ្ឋប្រជាមានិតចិនថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា នៃព្រះករុណាព្រះមហាក្សត្រ។

លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទៅកាន់ខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្ដីកោតសរសើជាខ្លាំង ចំពោះចលនាដល់ល្អប្រពៃរបស់ក្រុមសម្តេចឪ បានដឹកនាំមន្ត្រីបុគ្គលិក របស់ក្រុមសម្តេចឪ ធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្មម្មមាញឹក ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ក្នុងការកសាងព្រះរាជសមិទ្ធផលគ្រប់ផ្នែក ជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរ​រាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ជាឧត្តមប្រយោជន៍​ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅតាមបណ្តាខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានថ្វាយនូវការថែរក្សា ពិនិត្យព្យាបាល ព្រះរាជសុខភាព ព្រះរាជវង្សានុវង្សខ្មែរ ហើយសព្វថ្ងៃនេះថ្នាក់ដឹកនាំចិន នៅតែថ្វាយការគាំទ្រដ៏ខ្ពង់ខ្ពស់ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងតែងតែផ្តល់នូវជំនួយដ៏សប្បុរសថ្លៃថ្លា និងមានទំហំធំធេងជួយទ្រទ្រង់លើវិស័យសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការស្ថាបនានៅកម្ពុជាឲ្យមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។

សម្តេចមហាមន្ត្រី មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្ពុជា-ចិននឹងនៅតែបន្តខិតខំប្រឹងប្រែង ក្នុងការថែរក្សាលើកតម្កើងទំនាក់ទំនងមហាមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមរបស់កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី៕