កម្ពុជា លើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកជាមួយអាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន

0

ឡាវ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការរួមចំណែករបស់ជប៉ុន ក្នុងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ហើយក្នុងន័យនេះ បានទន្ទឹងរង់ចាំការសម្រេចបាន នូវកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលសម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងនោះក្រសួងការបរទេសខ្មែរបានបញ្ជាក់ថា “ក្នុងរបៀបវារៈបៃតង សម្តេចធិបតី បានសម្តែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយដល់អាស៊ាន ក្នុងការកាត់បន្ថយកាបូន និងបានលើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន”។

ជាមួយគ្នានេះ លទ្ធផលដដែលនេះ បានបញ្ជាក់បន្ថែមថា​ “សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៅតែជាសសរស្តម្ភដ៏សំខាន់ នៃភាពជាដៃគូ ហើយពេញចិត្តចំពោះការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូ ដើម្បីសហបង្កើតថ្មី នូវអនាគតមួយជាមួយនឹងជំនាន់ក្រោយ គម្រោង WA 2.0 ដែលនឹងផ្តល់កាលានុវត្តភាព ដល់មនុស្សចំនួន ១០លាននាក់ ជាពិសេសអ្នកដឹកនាំជំនាន់ក្រោយ នៃតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីធ្វើទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក កាន់តែប្រសើរឡើង”៕