កាលពីចុងខែកញ្ញាថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីតុលាការបានរកឃើញថា អ្នកសារព័ត៌មាននេះមានពិរុទ្ធដោយរងការចោទប្រកាន់ពីតុលាការ សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ នៅពេលនេះ អ្នកសារព័ត៌មាន ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីរង់ចាំបើកសវនាការកាត់សេចក្តី។
អ្នកនាំពាក្យតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ថាត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គម Facebook, Twitter, Telegrame, Whatsapp និង Signal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យតុលាការ បន្ថែមទៀតថា នៅទីបំផុតជនត្រូវចោទរូបនេះ បានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។
ចំណាត់ការទៅលើអ្នកសារព័ត៌មាននេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង និងប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងភូមិសាស្ត្រស្រុកបាភ្នំ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់រមណីយដ្ឋានបាភ្នំនោះ ហើយឃើញថា មិនមានការកាប់បំផ្លាញដោយការយកថ្មភ្នំ ដូចរូបភាពផ្សព្វផ្សាយនោះទេ។ រដ្ឋបាលស្រុកបាភ្នំ បានបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ ដែលមានចរិតអគតិ មានគោលបំណងបំភាន់សាធារណមតិនេះ។
ភ្លាមៗនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដោយបានលើកទឹកចិត្តដល់ជនត្រូវចោទ ម៉ិច ដារ៉ា និងក្រុមមេធាវីការពារក្តី ខិតខំប្រមែប្រមូលភស្តុតាង ដើម្បីតតាំងស្របតាមនីតិវិធីច្បាប់ នៅចំពោះមុខតុលាការ។ ទន្ទឹមនេះក្នុងករណីជនត្រូវចោទមានតម្រូវការផ្នែកមេធាវីការពារក្តីបន្ថែម ក្រសួងនឹងពិនិត្យពិចារណាតាមលក្ខខណ្ឌដែលបានកំណត់ដូចអ្វីដែលក្រសួងបាន ពិនិត្យផ្តល់ជូនដល់អ្នកសារព័ត៌មានមុនៗ។
យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថា ការប្រឌិតព័ត៌មានក្លែងក្លាយ និងបង្ហោះសារផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗ ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយក្នុងករណីជនណា ជាអ្នកសារព័ត៌មាន បានបំភ្លៃការពិត និងប្រឌិតព័ត៌មានក្លែងក្លាយ នោះក៏មិនមែនជាសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះដែរ។
សូមរំលឹកថា ក្រសួងព័ត៌មានថ្មីៗនេះ បានប្រកាសថា នឹងរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤នេះ ក្នុងគោលបំណងកាត់បន្ថយឱ្យមកកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយនៅក្នុងសង្គមកម្ពុជា៕