ធនាគារជាតិនៃកម្ពុជា ចេញសារាចរ​ណែនាំស្តីពីការប្រគល់​ឯកសារ​សម្គាល់ទ្រព្យធានាជូនអតិថិជនវិញក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ

0

ធនាគារជាតិនៃកម្ពុជា (NBC)បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ឱ្យផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ទ្រព្យធានា) នៅគ្រឹះស្ថាន​ធនាគារ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងលិខិតបញ្ជាក់​ពីការរួច​បំណុលជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច​ទូទាត់សងឥណទាន​ចប់ជាស្ថាពរ។

ក្នុងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤បញ្ជាក់ថា ក្នុងគោលបំណងរួមចំណែកដល់ការ​រក្សាទំនុក​ចិត្តរបស់អតិថិជនចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា​សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទាំងអស់ឱ្យផ្តល់វិញ្ញា​បនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់​អចលនវត្ថុ ដែលជាទ្រព្យធានានៅ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងលិខិតបញ្ជាក់ពីការរួចបំណុលជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញ​កាតព្វកិច្ច​ទូទាត់សងឥណទានចប់ជាស្ថាពរ។

សារាចរណែនាំបានសង្កត់ធ្ងន់ថា សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទាំងអស់​ជ្រាប និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ សារាចរណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ (ថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៤)។

គួរជម្រាបថា យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ៦,១% (ដល់ ៣៥៦,៩ ទ្រីលានរៀល ស្មើ ៨៨,៣ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ ទ្រព្យសកម្មវិស័យធនាគារកើនឡើង ១៤,៤% ខណៈដែលទ្រព្យសកម្មវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ -៤៦,៩% និងវិស័យភតិសន្យាហិរញ្ញវត្ថុ -៩,៧%។

ឥណទានទៅកាន់វិស័យចម្បងៗបានថមថយកំណើនមកត្រឹម ២,៦% (ដល់ ២៣៨,១ ទ្រីលានរៀល ស្មើ ៥៨,៩ ប៊ីលានដុល្លារ​អាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា ១៣,៤% (ដល់ ២០៩,៩ ទ្រីលានរៀល ស្មើ ៥១,៩ ប៊ីលាន ដុល្លារអាមេរិក)៕