សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ដើម្បីចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” នៅថ្ងៃទី២៧ខែកញ្ញានេះ។
ប្រធានបទរបស់វិស័យទេសចរណ៍ឆ្នាំនេះ បានឆ្លើយតបចំពោះ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស បង្កជាបច្ច័យអវិជ្ជមានដល់ កំណើនទេសចរណ៍អន្តរជាតិផងដែរ។
នៅក្នុងសុន្ទរកថា អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ សម្តេចធិបតីបានលើកឡើងថា ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទី យ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាដែលបង្កើតបានទៅជាមាគ៌ាសន្តិភាពដែលស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព មានសន្តិភាពទើបមាន អ្វីៗទាំងអស់”។ សន្តិភាពដែលបានប្រសូតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតជាក្រោមម្លប់សន្តិភាពដ៏ពេញលេញដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែមក ទស្សនាព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។
សូមបញ្ជាក់ថា អាស្រ័យដោយមានសន្តិភាព ទើបក្រោយពេលវិបត្តិកូវីដចប់ភ្លាម វិស័យទេសចរណ៍កម្ពុជា ទទួលបានការគាំទ្រពីភ្ញៀវទេសចរអន្តរជាតិភ្លាមដែរ។
ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦។
សមិទ្ធផលនេះក៏ដោយសារតែរដ្ឋាភិបាលរក្សាបានសន្តិភាពយ៉ាងរឹងមាំ តួយ៉ាងថ្មីៗបង្ក្រាបបានទាន់ពេលវេលាគម្រោងបាតុកម្មហិង្សាថ្ងៃ១៨សីហាឆ្នាំ២០២៤របស់ក្រុមប្រឆាំងក្រោមលេសប្រឆាំងកិច្ចព្រមព្រៀងCLV ជាដើម។
សរុបសេចក្តីទៅ ការថែរក្សាសន្តិភាព គឺជាអាទិភាពទី១ របស់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជនដើម្បីកម្ពុជាអាចឈានទៅទទួលផលពីវិស័យទេសចរណ៍បាន សម្រាប់យកទៅអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕