អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ ​អង្គរ រួមគ្នាបង្កើត​កញ្ចប់ទេសចរណ៍ថ្មី

0

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ ​អង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចុះអនុស្សរណៈនៃការយោគយល់​គ្នាស្តីពី​ការបង្កើត «សារមន្ទីរអ៉ីមមើស៊ីវ អង្គរ»។តាមរយៈអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅ​ក្នុង​ខេត្តសៀមរាប។

បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហ​ប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ច​សហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួល​បាន​បទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំ​ប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរ​ជារូបតំណាងផ្នែក​វប្បធម៌ពិភពលោកដ៏រឹងមាំ។

ឯកឧត្តមបន្តថា គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់ ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវ​នៃប្រវត្តិសាស្រ្ត និងបញ្ហារស៊ើបផ្នែកវប្បធម៌ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ នឹងអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ។

លោក កែ ប៊ិន សូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ បានពណ៌នាថា កិច្ចសហប្រតិបត្តិការនេះ មានសារសំខាន់ណាស់​សម្រាប់ចែករំលែកប្រវត្តិសាស្រ្តអង្គរតាមរយៈ បច្ចេកវិទ្យាថ្មីៗ។ សារមន្ទីរអ៉ីមមើស៊ីវ អង្គរ នឹងផ្តល់ជូននូវការធ្វើដំណើរ​ឆ្លងកាត់​ពេល​វេលា ធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិក​ភណ្ឌវប្បធម៌​របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏ធានាបាននូវ​ការអភិរក្សកេរ​ដំណែល​នៃបេតិកភណ្ឌវប្បធម៌។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា គម្រោងខាងលើនេះ មិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរ​ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គឺការស្កេន​ប្រាសាទទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏​សំខាន់មួយក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរ​ដំណែល​របស់ប្រាសាទ សម្រាប់មនុស្សជំនាន់ក្រោយ៕