កំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាត ត្រូវការពេល៨ខែដើម្បី​ជួសជុលឱ្យរឹងមាំឡើងវិញ

0

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញក្រុមអ្នកជំនាញ​នៃអាជ្ញាធរ​ជាតិអប្សរា​ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀម​របស់ក្រុង​អង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាត​បណ្តាលមក​ពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬស​ធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំង​កង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុល​កំពែង​ក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែង​ចំនួន៣​ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែល​ខូចខាត​ទាំងអស់ឡើងវិញ។នេះ គឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំ​ដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញ​ធ្លាប់បាន​ជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។

ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងទៀតថា នៅមុនពេលឈាន​ដល់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុម​អ្នកស្រាវជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូល​របស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់​កំពែងនេះ​បណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុន​ដែរឬទេ? បន្ទាប់មកទើបក្រុមការងារធ្វើការសម្អាត សិក្សាពី​ជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។

សូមជម្រាបថា គម្រោងជួសជុលនេះ ក៏មានការត្រួតពិនិត្យបច្ចេកទេស​ពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍​​តំបន់អង្គរសម្រាប់អង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុកផងដែរ៕