សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានប្រាប់បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា។
ទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ។លោកប្រធានសមាគមមានសុទិដ្ឋិនិយមថាតាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន ដោយសារតែយើងអាចនាំចេញទៅប្រទេសចិនបានដោយផ្ទាល់មិនឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុកត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើននាំចេញទៅដោយផ្ទាល់ទៅកាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការកត់សម្គាល់ ពាក់ព័ន្ធទៅនឹងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ថា ភាគច្រើនគឺមានភាពស៊ាំញាំ និងស្មុគ្រស្មាញ ដែលធ្វើឱ្យកសិផលមួយចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូលទៅទីផ្សារប្រទេសចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុងខេត្តគ័ងស៊ី ប្រទេសចិនបានដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ទៀតទេ ហើយក៏អាចជំរុញឱ្យកសិករដែលជាអ្នកផលិតទទួលបានចំណូលច្រើនជាងមុន៕