ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ STEM។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីដើមសប្ដាហ៍បានបង្ហាញថា គម្រោងនេះនឹងមានរយៈពេល៦ឆ្នាំ ដោយគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៩ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានាសម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ ធនាគារពិភពលោករំពឹងទុកថា និស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស និងការធ្វើឌីជីថលកម្ម នៃយន្តការផ្តល់ការសិក្សាអប់រំ។
លោកស្រី ថាញ៉ា មៃឃ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការចូលរួមការវិនិយោគលើសុខភាព និងការអប់រំមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ និងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿន នៃធនធានមនុស្ស សម្រាប់កំណើត និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានទទួលនូវការគាំទ្រពីធនាគារពិភពលោកជាបន្តបន្ទាប់ ក្នុងការអនុវត្តគម្រោងកែលម្អការអប់រំមធ្យមសិក្សា ក៏ដូចជាគម្រោងកែលម្អការអប់រំចំណេះទូទៅ និងការកែលម្អ ការអប់រំនៅកម្រិតឧត្តមសិក្សាផងដែរ។ នៅក្នុងការកែលម្អការអប់រំកម្រិតឧត្តមសិក្សា ក្នុងនោះក៏មានការចូលរួមនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយជាពិសេសគឺការរៀន និងបង្រៀន STEM ផងដែរ នៅតាមសាកលវិទ្យាល័យមួយចំនួន ក្នុងក្របខណ្ឌគម្រោង។
សម្រាប់ការគាំទ្រ ការរៀន និងបង្រៀន STEM នៅក្នុងកម្រិតចំណេះដឹងទូទៅ បើតាមអ្នកនាំពាក្យ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីសិក្សាដោយមានការបែងចែក ជាបណ្តុំ ។គឺ បណ្តុំវិទ្យាសាស្រ្ត និង បណ្តុំវិទ្យាសាស្រ្តសង្គម។សម្រាប់បណ្តុំវិទ្យាសាស្រ្តសង្គមក៏នៅតែបន្តរៀនមុខវិជ្ជាវិទ្យាសាស្រ្ត ដោយគ្រាន់តែចំនួននៃមុខវិជ្ជា និងលទ្ធផលរំពឹងតិចជាងលទ្ធផលរំពឹងទុក ឬក៏ចំនួនម៉ោង នៃការរៀននៅក្នុងបណ្តុំវិទ្យាសាស្រ្ត។
លោកជំទាវ ឃួន វិច្ឆិកា បានបញ្ជាក់ថា ដើម្បីលើកកម្ពស់នៅក្នុងការអប់រំ STEM កាន់តែមានភាពស៊ីជម្រៅ កន្លងមកក្រសួងអប់រំបានរៀបចំឱ្យមានសាលារៀនជំនាន់ថ្មី ក៏ដូចជាសាលារៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលសុទ្ធសឹងតែជាសាលារៀនមានដាក់ចូលបន្ថែមកម្មវិធីក្រៅម៉ោងសិក្សាទាក់ទងទៅនឹងកម្មវិធី STEM។នៅក្នុងនោះ សាលារៀនចំនួនប្រមាណ ៨៧សាលាទូទាំងប្រទេស ក៏បានរៀបចំជាអគារធនធាន ដោយបំពាក់នូវឧបករណ៍សម្ភារៈពិសោធន៍នានា ដើម្បីជំរុញការរៀនផ្នែក STEM នេះ។
លោកជំទាវ ឃួន វិច្ឆិកា បានគូសរំលេចថា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការកែលម្អកម្មវិធីសិក្សាឡើងវិញ ដោយនៅក្នុងនោះកម្មវិធីសិក្សា STEM ក៏ទទួលបានការកែលម្អ ហើយមុននឹងធ្វើការកែលម្អ ក្រសួងក៏បានធ្វើការសិក្សាលម្អិតជាមួយនឹងកម្មវិធីសិក្សានានានៅជុំវិញពិភពលោក ពិសេសប្រទេសនៅក្នុងតំបន់ ក៏ដូចជាសិង្ហបុរី ក៏ដូចជាការធ្វើការងារសហការជិតស្និទ្ធជាមួយនឹងអ្នកជំនាញការ គ្រូដែលបង្រៀននៅវិទ្យាស្ថានជាតិអប់រំ នៃប្រទេសសិង្ហបុរី នៅក្នុងការពិនិត្យ និងវាយតម្លៃទៅលើកម្មវិធីសិក្សាថ្មីដែលបានរៀបចំ។ក្រសួងបានតែកំពុងតែយកចិត្តទុកដាក់ចំពោះការលើកកម្ពស់ការរៀន និងបង្រៀន STEM នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕